បវរកញ្ញាវ័យជំទង់ លី មួយលាង ត្រូវបានអ្នកលេងបណ្តាញសង្គមនាំគ្នាស្ងើចសរសើរ ទៅកាន់បវរកញ្ញារូបនេះជាខ្លាំង បន្ទាប់ពីបានប្រើប្រាស់សំឡេងដ៏មានឥទ្ធិពលរបស់ខ្លួន ក្នុងនាមជា Miss Teen International 2024 នៅរាត្រីផ្ទេរមកុដ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ ដោយបានអញ្ជើញមនុស្សនៅទូទាំងពិភពលោក ឱ្យមកធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជាឱ្យបានម្តងនៅក្នុងជីវិត។ 

ជាការពិតណាស់ ក្រោយពេលគ្រងតំណែងលេខ១ សាងមុខមាត់ឱ្យប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ក្នុងឆ្នាំ ២០២៤ នៅក្នុងកម្មវិធីប្រកួតសម្រស់ Miss Teen International និងបានបំពេញកាតព្វកិច្ចជាម្ចាស់ជ័យលាភីលេខ១ រយៈពេលមួយឆ្នាំពេញកន្លងមកនេះ ប្អូនស្រី លី មួយលាង តែងតែបង្ហាញមុខនៅតាមកម្មវិធីសប្បុរសធម៌ និងកម្មវិធីតូចធំនានាទាំងក្នុងប្រទេស និងក្រៅប្រទេសជាដើម។ 

យ៉ាងណាមិញ នៅរាត្រីផ្ទេរមកុដ ទៅកាន់ម្ចាស់តំណែងថ្មីរបស់កម្មវិធី Miss Teen International សម្រាប់ឆ្នាំ ២០២៥ លី មួយលាង បាននិយាយនៅលើឆាកប្រកួតសម្រស់អន្តរជាតិមួយនេះ ដោយបានធ្វើការផ្សព្វផ្សាយពីប្រទេសកម្ពុជា យ៉ាងដូច្នេះថា ប្រទេសកម្ពុជាដ្បិតថាជាប្រទេសតូចមែនពិត ប៉ុន្តែមានបេះដូងធំ មិនតែប៉ុណ្ណោះ ប្រជាជនខ្មែរជាប្រជាជនស្លូតត្រង់ និងរួសរាយរាក់ទាក់។ ប្អូនស្រីក៏បានអំពាវនាវឱ្យមនុស្សនៅទូទាំងពិភពលោក ដែលបានទស្សនាតាមរយៈកម្មវិធីមួយនេះឱ្យមកលេងប្រទេសកម្ពុជាឱ្យបានម្តងនៅក្នុងជីវិត ក៏ព្រោះតែកម្ពុជាសម្បូរទៅដោយតំបន់ទេសចរណ៍ជាច្រើន ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទតាមាន់ជាដើម។ 

គួរឱ្យដឹងថា បន្ទាប់ពីវីដេអូនេះត្រូវបានបង្ហោះនៅលើបណ្តាញសង្គមរួចមក មានមហាជនជាច្រើនបានធ្វើការចែករំលែក និងបានលើកសរសើរពីភាពឆ្លាតវៃរបស់ លី មួយលាង ដែលបានច្បិចយកតំបន់ទេសចរណ៍ក្នុងស្រុក ទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិថែមទៀតផង៕