ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា ការគិតគូខ្ពស់ចំពោះអត្តពលិកដែលកំពុងប្រកបអាជីពកីឡាពិតជាមានភាពចាំបាច់បំផុត ។ ដោយគិតចាប់តាំងពីការចាប់ចូលអាជីពរហូតបញ្ចប់អាជីបកីឡា មានន័យថា អត្តពលិកកីឡាមិនមែននៅជាជើងឯករហូតនោះទេ ពោលយើងត្រូវគិតគូពេលដែលពួកគាត់ត្រូវបញ្ចប់អាជីព ហើយពេលបញ្ចប់អាជីពពួកគាត់ត្រូវមានជំនាញវិជ្ជាជីវៈបន្ថែមក្រៅពីអាជីពជាអ្នកកីឡា។ ហេតុដូចនេះហើយ សិក្ខាសាលាផ្ដោតលើការបន្ថែមចំណេះដឹង និងជំនាញវិជ្ជាជីវៈដើម្បីអនាគតអ្នកកីឡា ដែលបានបង្កើតឡើងមកនេះ មានទិសដៅតែមួយ គឺតម្រង់ទិស ពង្រឹងសមត្ថភាពបំណិនជីវិត និងជួយអត្តពលិករៀបចំផែនការសម្រាប់អាជីពក្រោយបញ្ចប់អាជីពកីឡា ស្របតាមទិសដៅរបស់ IOC។
ឯកឧត្តមថា សិក្ខាសាលាបន្ថែមចំណេះដឹង និងជំនាញវិជ្ជាជីវៈដើម្បីអនាគតអ្នកកីឡា ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំក្រោមការឧបត្ថម្ភគាំទ្រពីគម្រោងសាមគ្គី អូឡាំពិក និងគាំទ្រដោយ Athlete 365 របស់គណៈកម្មការអត្តពលិក IOC ក្នុងគោលបំណងផ្តល់ចំណេះដឹង លើសមត្ថភាពជាមូលដ្ឋាន និងលើកកម្ពស់សមត្ថភាពដល់អត្តពលិកជម្រើសជាតិបច្ចុប្បន្ន និងអតីតអត្តពលិកជម្រើសជាតិ។
ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា ការគិតគូនេះ ផ្តើមចេញពី ឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការជំរុញគិតគូរដល់កីឡាករ កីឡាការិនីដែលផ្ដើមពីការមុនចូលជាអាជីព ពេលកំពុងប្រកប និងពេលបញ្ចប់អាជីពកីឡាទៅ។ ព្រោះការទទួលបានវិជ្ជាជីវៈបន្ថែមក្រៅពីអាជីពកីឡាជាយានចម្លងមួយជួយឱ្យពួកគាត់ទទួលបានចំណូលជួយទ្រទ្រង់ជីវភាពគ្រួសារ ។
ឯកឧត្ដម សង្ឃឹមថា អង្គការសាមគ្គីអូឡាំពិកនឹងផ្ដល់ជំនួយដំណើរការវគ្គដ៏សំខាន់នេះជារៀងរាល់ឆ្នាំ ហើយក្រសួងអប់រំ យុវជន និងកីឡា ក៏មានគម្រោងរៀបចំសិក្ខាសាលាប្រមូលអ្នកឈប់ពីអាជីពរៀងរាល់ឆ្នាំ ដើម្បីបង្រៀនពីរបៀបរស់នៅក្នុងសង្គម ទទួលបានវិជ្ជាជីវៈថ្មី មានដូចជា គ្រូកីឡា និងជំនាញផ្សេងៗជាដើម។ ឯកឧត្ដម បានលើកទឹកចិត្ត ក្រសួងស្ថាប័ន អាជីវករ យកចិត្តទុកដាក់ទទួលយកកីឡាករ កីឡាការិនីដែលបញ្ចប់អាជីពទៅចូលរួមជួយបំពេញការងារ។
