កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ មានសេចក្តីរាយការណ៍មួយថា តារាសម្តែងដ៏មានប្រជាប្រិយភាព “ផាក យ៉ុងស៊ីក” (Park Hyung-Sik) ថតរឿងក្នុងមួយភាគទទួលបានតម្លៃខ្លួនខ្ពស់រហូតដល់ទៅ ៤០០ លានវ៉ុន ប្រហែលជា ២៩០,០០០ ដុល្លារ ឬតម្លៃខ្លួនសរុបចំនួន ៣,២ ពាន់លានវ៉ុន សម្រាប់ការដើរតួជា “អូគ្វី” (Oh-gwi) នៅក្នុងរឿងភាគថ្មីដែលមានចំណងជើងថា “ថ្វែល” (TWELVE) ។
យ៉ាងណាមិញ “រីវ អេនថឹថេនម៉ឹនថ៍” (Reve Entertainment) ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់ “ផាក យ៉ុងស៊ីក” (Park Hyung-Sik) បានចេញសេចក្តីថ្លែងការណ៍បដិសេធពីការចេញផ្សាយរបស់សារព័ត៌មាននៅប្រទេកូរ៉េ ជុំវិញតម្លៃខ្លួនរបស់គេ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ដោយនិយាយថា៖ "ព័ត៌មានចេញផ្សាយពាក់ព័ន្ធនឹងតម្លៃខ្លួនរបស់ “ផាក យ៉ុងស៊ីក” (Park Hyung-Sik) ចាប់តាំងពីការថតរឿង “ដកថឺ ស្លាមផ៍” (Dr. Slump) រហូតដល់រឿង “ថ្វែល” (TWELVE) គឺមិនពិតនោះទេ។ ដោយសារតែការរីករាលដាលនៃព័ត៌មានមិនពិត ដូច្នេះយើងសូមធ្វើសេចក្តីថ្លែងការណ៍ជាផ្លូវការលើរឿងមួយនេះ"។ ទីភ្នាក់ងារនេះក៏បានបន្តទៀតថា៖ "ផាក យ៉ុងស៊ីក (Park Hyung-Sik) នៅតែបន្តធ្វើការយ៉ាងយកចិត្តទុកដាក់លើគ្រប់គម្រោង ហើយយើងសង្ឃឹមថា គេនឹងនៅតែទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីអ្នកគាំទ្របន្តទៅមុខទៀត"។
ទោះយ៉ាងនេះក្តី ទីភ្នាក់ងារនេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនទឹកប្រាក់ដែលគេទទួលបានពីការសម្តែងរឿងនៅក្នុងមួយភាគនោះទេ។
ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ “ឌិស្ពែតឆ៍” (Dispatch) បានរាយការណ៍ថា “ផាក យ៉ុងស៊ីក” (Park Hyung-Sik) ទទួលបានតម្លៃខ្លួន ៤០០ លានវ៉ុនក្នុងមួយភាគសម្រាប់ការថតខ្សែភាពយន្ត “ថ្វែល” (TWELVE) ខណៈដែលព័ត៌មានចចាមអារ៉ាមមុននេះអះអាងថាគេអាចរកបាន ៥០០ លានវ៉ុនសម្រាប់ការថតរឿង “ដកថឺ ស្លាមផ៍” (Dr. Slump)។
គួរឱ្យដឹងបន្ថែមថា ជុំវិញតម្លៃខ្លួនខ្ពស់របស់តារាសម្តែងឈានមុខនៅកូរ៉េ កំពុងក្លាយជាប្រធានបទជជែកវែកញែកជាហូរហែនៅក្នុងវិស័យថតខ្សែភាពយន្ត។ ចំណែកឯ ផលិតករក៏មានការព្រួយបារម្ភពីថ្លៃដើមនៃការផលិតផងដែរ ដែលអាចបណ្តាលឱ្យមានភាពតានតឹងដល់ឧស្សាហកម្មភាពយន្តជាដើម៕
