ការបង្ហាញខ្លួនរបស់តារាសម្ដែង “ផាក មីនយ៉ុង” (Park Min Young) នៅក្នុងថ្ងៃសន្និសីទសារព័ត៌មាន សម្រាប់ការចាក់ផ្សាយរឿង “ខន់ហ្វីដឹន ឃ្វីន” (Confidence Queen) បាននិងកំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក បន្ទាប់ពីគេសង្កេតឃើញថានាងមានសភាពស្គមខ្លាំង ស្ទើរតែលេចចេញគ្រោងឆ្អឹងទៅហើយ។

យ៉ាងណាមិញ កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ “ផាក មីនយ៉ុង” (Park Min Young) បានចេញមកបកស្រាយនៅលើបណ្តាញសង្គម ក្រោយពេលមានក្រុមអ្នកគាំទ្របានបង្ហាញការព្រួយបារម្ភទៅលើសុខភាពរបស់នាងបែបនេះ។ នាងនិយាយថា នាងបានគ្រប់គ្រងរបបអាហារដើម្បីសុខភាព អំឡុងពេលថតរឿងថ្មីដែលមានឈ្មោះថា “សាយរឹន” (Siren) ប៉ុន្តែដោយសារតែតារាងការងារពេញស្ទើរតែគ្មានថ្ងៃសម្រាក ទើបធ្វើឱ្យនាងស្រកទម្ងន់បន្តិចបន្តួច។ នាងក៏បានផ្តាំផ្ញើទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា កុំឱ្យមានការព្រួយបារម្ភចំពោះសុខភាពនាងអី នាងមានសុខភាពល្អធម្មតាទេ ព្រោះនាងតែងតែញ៉ាំអាហារគ្រប់បីពេលជានិច្ច។

គួរឱ្យដឹងថា “ផាក មីនយ៉ុង” (Park Min Young) ធ្លាប់សម្រកគីឡូនៅសល់ត្រឹមតែ ៣៧ គីឡូក្រាមប៉ុណ្ណោះ ដើម្បីថតខ្សែភាពយន្តរឿង “មែរី ម៉ាយ ហាសបឹន” (Marry My Husband) របស់ប៉ុស្តិ៍ tvN។ នាងក៏ធ្លាប់និយាយដែរថា រឿងឡើងគីឡូគឺជារឿងដ៏ពិបាកសម្រាប់នាង បើទោះបីជាពេលកន្លងមក នាងធ្លាប់បានញ៉ាំអាហារ ៤ ទៅ ៥ ដងក្នុងមួយថ្ងៃ រយៈពេល ២ អាទិត្យក៏ដោយ ក៏មិនងាយក្នុងការឡើងគីឡូមកវិញនោះដែរ៕