យោងតាមបណ្តាញសារព័ត៌មានបរទេស បានចេញសេចក្តីរាយការណ៍មួយថា “ផឺស៊ី ហាញស៍ វ៉ាយថ៍” (Percy Hynes White) តារាសម្តែងវ័យ ២៣ ឆ្នាំ ដែលដើរតួជា "សាវៀ ថប” (Xavier Thorpe) នៅក្នុងរឿង “វេនឹហ្សដេយ៍” (Wednesday) រដូវកាលទី១ ត្រូវបានគេប្រទះឃើញ ធ្វើការជាអ្នកបើកទ្វារនៅបារមួយកន្លែងក្នុង “សាន់តា ម៉ូនីកា” (Santa Monica)។ 

បើនិយាយពី “ផឺស៊ី ហាញស៍ វ៉ាយថ៍” (Percy Hynes White) គឺជាតារាដែលកំពុងរះក្នុងឧស្សាហកម្មភាពយន្ត ដោយនាពេលកន្លងមក លោកធ្លាប់បានសម្តែងនៅក្នុងរឿងល្បីៗជាច្រើនដូចជា “ដឹ ថ្វៃឡៃ ហ្សូន” (The Twilight Zone), “ដឹ គីហ្វធីត” (The Gifted) និង “វេនឹហ្សដេយ៍” (Wednesday) ជាដើម។

ដោយឡែក នៅឆ្នាំ ២០២៣ “ផឺស៊ី ហាញស៍ វ៉ាយថ៍” (Percy Hynes White) បានផ្ទុះនូវរឿងអាស្រូវដ៏កក្រើកពេញបណ្តាញសង្គម បន្ទាប់ពីលោក ត្រូវបានមនុស្សម្នាក់បង្ហោះសារចោទប្រកាន់ថា បានធ្វើការបៀតបៀនផ្លូវភេទរូបគេនៅឯពិធីជប់លៀងមួយកន្លែង។ យ៉ាងណាមិញ សារនោះត្រូវបានលុបចេញ ក្រោយពេលតារាសម្តែងខាងលើ ចេញមកបដិសេធការចោទប្រកាន់នោះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រឿងអាស្រូវផ្សេងទៀតក៏បានបន្តកើតមានជាហូរហែ ដែលនាំឱ្យមានការរិះគន់យ៉ាងខ្លាំង រហូតធ្វើឱ្យអាជីពជាតារាសម្តែងរបស់លោកត្រូវបានអស់ពន្លឺរស្មីតាំងពីពេលនោះមក។ 

ដោយសារតែរឿងអាស្រូវទាំងនេះ បានធ្វើឱ្យ “ផឺស៊ី ហាញស៍ វ៉ាយថ៍” (Percy Hynes White) ត្រូវបានគេលុបឈ្មោះចេញពីខ្សែភាពយន្ត “វេនឹហ្សដេយ៍” (Wednesday) សម្រាប់រដូវកាលទី២ ផងដែរ៕