មហាជនអ្នកគាំទ្រមួយចំនួនធំប្រាកដជាបានស្គាល់ស្រាប់ទៅហើយ ទៅលើតារាចម្រៀងរ៉េបកំពុងពេញនិយម Goofy ដែលជាកំពូលបេក្ខភាពឆ្នើមប្រចាំកម្មវិធីប្រកួតប្រជែងសមត្ថភាពស្វែងរកអ្នករ៉េបជំនាន់ថ្មី The Rapper Cambodia រដូវកាលទីមួយ។ Goofy មិនត្រឹមតែមានសមត្ថភាពពូកែខាងរ៉េបប៉ុណ្ណោះទេ ប៉ុន្តែតារារ៉េបពន្លកថ្មីរូបនេះ តែងតែធ្វើឱ្យមនុស្សជុំវិញខ្លួនមានភាពសប្បាយរីករាយ និងមានស្នាមញញឹមជាប់ជានិច្ច បើសិនជានៅក្បែររូបគេ។

យ៉ាងណាមិញកាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ អ្នកគាំទ្រតារាប្រុសរូបនេះ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពី Goofy បានបង្ហោះសំណេរដ៏រំភើបមួយនៅលើគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួន ថាលោកនឹងក្លាយជាលោកប៉ាវ័យក្មេង ថែមទាំងបាននិងកំពុងត្រៀមខ្លួនទទួលសមាជិកថ្មីជាកូនស្រីដំបូងនៅក្នុងគ្រួសារឆាប់ៗនេះផងដែរ។ តាមរយៈការបង្ហោះនេះ Goofy បានឱ្យដឹងថា កូនស្រីដែលនឹងមកឃើញពិភពលោកថ្មីនេះ មានឈ្មោះថា ដែន រតនៈនារីសុទិម៉ា ហៅក្រៅថា Jasmine។

សំណេរទាំងមូលដែល Goofy បានបង្ហោះមានខ្លឹមសារយ៉ាងដូច្នេះថា៖ “ប៉ានឹងធ្វើជាប៉ាល្អរបស់កូន ប៉ានឹងលះបង់គ្រប់យ៉ាង់ដើម្បីកូនទោះឥឡូវប៉ាលំបាក តែប៉ាមិនឲ្យកូនស្រីប៉ាលំបាកទេ ថ្ងៃស្អែកប៉ាម៉ាក់ហើយនិងអ្នកគ្រប់គ្នាកំពុងរង់ចាំកូន ១១ កញ្ញា ២០២៥ អូនឈ្មោះ ដែន រតនៈនារីសុទិម៉ា ហៅក្រៅ Jasmine”។

ក្នុងនោះផងដែរ មានមហាជនអ្នកគាំទ្រជាច្រើន បានចូលរួមអបអរសាទរទៅកាន់លោកប៉ាវ័យក្មេង Goofy ជាហូរហែ៕