ភ្នំពេញ៖ 

បុរសម្នាក់ បានបើករថយន្តម៉ាកToyota Prius ក្នុងល្បឿនលឿន ទាំងស្ថានភាពមេឃកំពុងតែភ្លៀងធ្លាក់រអិល ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនាវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០២៥ ចំណុចទល់មុខក្រសួងការពារជាតិស្ថិតនៅលើផ្លូវសហហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Toyota Prius ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BJ-5719 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតមកលិចក្នុងល្បឿនលឿនទាំងស្ថានភាពមេឃកំពុងតែភ្លៀងធ្លាក់។

ខណៈពេលបើកមកដល់ចំណុចកើតហេតុ ទល់មុខនិងក្រសួងការពារជាតិ មិនប្រយ័ត្ន ក៏រេចង្កូតជ្រុលទៅបុក្បាលនាគពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ចំណែកឯអ្នកបើករថយន្តបង្កវិញ ត្រូវបានបុរសម្នាក់បើកម៉ូតូPCXមួយគ្រឿងមិនចាំស្លាកលេខមកដឹករំដោះគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕