គ្រូបង្គោលនៃក្រុមជម្រើសជាតិក្រោម២៣ឆ្នាំចំនួន៤ប្រទេស គឺកម្ពុជា អ៊ីរ៉ាក់ អូម៉ង់ និងប៉ាគីស្ថានបានបង្ហាញចំណាប់អារម្មណ៍រៀងៗខ្លួន សម្រាប់ចូលរួមប្រកួតក្នុងពូល G នៃពានរង្វាន់ AFC U23 Asian Cup នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី០៣-០៩ ខែកញ្ញា ឆ្នាំ២០២៥។

លោក Koji Kyotoku គ្រូបង្គោលក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាបានគូសបញ្ជាក់ថា ក្រុមកម្ពុជាបានត្រៀមខ្លួនរួចរាល់ ក្នុងនាមជាម្ចាស់ផ្ទះ ប្រចាំពូល G នេះ ហើយលោក និងកូនក្រុមសុទ្ធតែមានឆន្ទៈខ្ពស់ដូចៗគ្នាថា ក្រុមកម្ពុជានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពទាំង៣ប្រកួតនេះ។ 

រីឯគ្រូបង្គោលក្រុមប៉ាគីស្ថានក៏លើកឡើងថា លោកពិតជារីករាយ ដែលបានមកកម្ពុជាចូលរួមប្រកួតក្នុងពូល G ដែលការប្រកួតប្រជែងនឹងតានតឹងជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា អូម៉ង់ និងអ៊ីរ៉ាក់ជាដើម។ 

ចំណែកឯគ្រូបង្គោល២ក្រុមទៀត គឺគ្រូបង្គោលក្រុមអូម៉ង់ និងគ្រូបង្គោលក្រុមអ៊ីរ៉ាក់ ក៏បានលើកឡើងស្រដៀងគ្នាថា ក្រុមលោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដូចៗគ្នា ដើម្បីស្វែងរកពិន្ទុឆ្ពោះទៅឈរលើកំពូលតារាង និងបានឡើងទៅប្រកួតនៅជុំបន្ទាប់។ 

បន្ថែមពីនេះ កីឡាករ បុង សាំយូអ៊េល ក្នុងនាមតំណាងក្រុមកីឡាករជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា ក៏បានបង្ហាញការតាំងចិត្តថា ការប្រកួតទាំង៣ប្រកួតនេះ គឺជាការប្រកួតដ៏ខ្លាំង ពួកយើងមានពេលតិចតួចក្នុងការហ្វឹកហាត់ជាមួយគ្នា យើងគិតថាការប្រកួតទាំងអស់នេះនឹងនាំឱ្យយើងទទួលបានបទពិសោធន៍ច្រើន ប៉ុន្តែយើងនឹងប្រឹងប្រែងដើម្បីរកជ័យជម្នះជូនជាតិ។

គួរបញ្ជាក់ថា ៣ប្រកួតរបស់ក្រុមU23 កម្ពុជាត្រូវប្រកួតបើកឆាកជាមួយក្រុមអូម៉ង់ មុនគេ នាថ្ងៃទី០៣ ខែកញ្ញា, បន្តប៉ះក្រុមប៉ាគីស្ថាន នាថ្ងៃទី០៦ ខែកញ្ញា និងចុងក្រោយប្រជែងជាមួយក្រុមអ៊ីរ៉ាក់ ដោយ៣ប្រកួតនេះត្រូវធ្វើឡើងនៅវេលាម៉ោង៧យប់ដូចៗគ្នា៕