ឯកឧត្តម កែ ប៊ុនខៀង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួត ការប្រកួតកីឡាបាល់បោះ ៣x៣ ជ្រើសរើសជើងឯកអន្តរវិទ្យាល័យ U18 ឆ្នាំ២០២៥
ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡានិងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាក្នុងឱកាសបិទ ការប្រកួតកីឡាបាល់បោះ ៣x៣ ជ្រើសរើសជើងឯកអន្តរវិទ្យាល័យអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២៥ និងវគ្គរដ្ឋបាលកីឡាសិស្ស និស្សិតកម្ពុជា រាជធានីភ្នំពេញ ខែកញ្ញា ឆ្នាំ២០២៥បានមានប្រសាសន៍ថាថ្ងៃនេះ ខ្ញុំមានកិត្តិយសដ៏ឧត្ដុង្គឧត្ដម និងមានសេចក្តីរីករាយឥតឧបមា ដោយបានចូលរួមជា អធិបតីក្នុងពិធិ “បិទ” ការប្រកួតកីឡាបាល់បោះ ៣x៣ ជ្រើសរើសជើងឯកអន្តរវិទ្យាល័យអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២៥ និងវគ្គរដ្ឋបាល កីឡាសិស្ស និស្សិតកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តម មានប្រសាសន៍បន្តរថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួត អង្គភាពពាក់ព័ន្ធ ប្រតិភូកីឡា ដែលបានសហការគ្នារៀបចំការប្រកួតនេះឲ្យប្រព្រឹត្តទៅដោយរលូនទៅតាមការគ្រោងទុក ប្រកបដោយភាពជោគជ័យ និងបរិយាកាសសប្បាយរីករាយ និងសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះគ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ដែលបានចូលរួមនិងខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព គោរពបាននូវបទបញ្ជានៃការប្រកួត និងទទួលបានលទ្ធផលល្អប្រសើរ និងសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានដឹកនាំ និងគ្រប់គ្រង ការប្រកួតស្របតាម គោលការណ៏បច្ចេកទេស ប្រកបដោយយុត្តិធម៌ និងតម្លាភាព ហើយរកឃើញនូវកីឡាករ កីឡាការិនី ឆ្នើមដែលទទួលបានជ័យលាភីនៃការប្រកួតនៅពេលនេះ ។
នាឪកាសនោះដែរ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាក៏បានអញ្ជើញចូលរួមក្នុងពិធីបិទ“វគ្គរដ្ឋបាលកីឡាសិស្ស និស្សិតកម្ពុជា”និង “ការប្រកួតកីឡាបាល់បោះ 3X3 ជ្រើសរើសជើងឯកអន្តរវិទ្យាល័យ អាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២៥”មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ព្រមទាំងបានលើកឡើងដែរថា យោងតាមផែនការប្រចាំឆ្នាំ២០២៥ របស់សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងយោងចំណារឯកភាពរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ដើម្បីចូលរួមអបអរសាទរនូវទិវាអន្តរជាតិនៃកីឡាសាកលវិទ្យាល័យ International Day of University Sport (IDUS) សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា បានរៀបចំកម្មវិធីពីរក្នុងក្របខណ្ឌការងាររបស់សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាមាន៖
1- “វគ្គរដ្ឋបាលកីឡាសិស្ស និស្សិតកម្ពុជា”
2- ការប្រកួតកីឡាបាល់បោះ 3X3 ជ្រើសរើសជើងឯកអន្តរវិទ្យាល័យ U18 ឆ្នាំ២០២៥
ក្នុងគោលដៅ៖
(១)- ដើម្បីបង្កើនចំណេះដឹង ជំនាញ និងសមត្ថភាពរបស់គ្រូអប់រំកាយ និងកីឡា ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រង និងអភិវឌ្ឍសកម្មភាពកីឡាសិស្សនៅក្នុងសាលារៀន។
(២)- ដើម្បីបំពាក់បំប៉នសិក្ខាកាម ជាមួយនឹងបច្ចេកទេសគ្រប់គ្រងកីឡាប្រកបដោយប្រសិទ្ធភាព រួមទាំងការរៀបចំផែនការ និងការវាយតម្លៃកម្មវិធី កីឡារបស់សាលា។
(៣)- លើកកម្ពស់ភាពជាអ្នកដឹកនាំ ជំនាញវិជ្ជាជីវៈ និងសមត្ថភាពក្នុងការជំរុញបរិយាកាសកីឡា ដែលរួមបញ្ចូលសុវត្ថិភាព និងការចូលរួមដែលរួមចំណែកដល់ការអភិវឌ្ឍរាងកាយ សង្គម និងអារម្មណ៍របស់សិស្ស។
(៤)- ដើម្បីផ្តល់ឱកាសឱ្យ សិស្ស នៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ បានចូលរួមហ្វឹកហាត់និងលេងកីឡាឱ្យបានទូលំទូលាយ។