ថ្មីៗនេះតារាសម្តែងចិន “ស៊ូ ខៃ” (Xu Kai) រងការចោទប្រកាន់យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម ក្រោយពេលពួកគេបានចែករំលែកព័ត៌មានមួយចំនួននៅលើប្រព័ន្ធអ៊ីនធឺណេតថា តារាប្រុសរូបនេះ តែងតែជួបជុំមិត្តភក្តិលេងល្បែងភ្នាល់ដាក់លុយអស់រាប់លានដុល្លារក្នុងមួយឆ្នាំ។ 

លើសពីនេះ អ្នកដែលបានផ្សព្វផ្សាយព័ត៌មានទាំងនេះក៏បានគេអះអាងទៀតថា ផ្ទះវីឡាដ៏ប្រណិតរបស់ “ស៊ូ ខៃ” (Xu Kai) នៅ “ហឹងទៀន” (Hengdian) ត្រូវបានយកធ្វើជាកាស៊ីណូឯកជនថែមទៀតផង។ ក្នុងនោះពួកគេ ក៏បានបញ្ចេញវីដេអូមួយចំនួន និងសារឆ្លើយឆ្លងគ្នាតាមរយៈ WeChat ពីការផ្ទេរប្រាក់ផងដែរ។

ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកនេះ ទីភ្នាក់ងាររបស់ “ស៊ូ ខៃ” (Xu Kai) ក៏បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការភ្លាមៗ ដោយបញ្ជាក់ថាការចោទប្រកាន់ទាំងអស់នេះគឺជារឿងមិនពិត និងធ្វើឱ្យខូចដល់កេរ្តិ៍ឈ្មោះរបស់តារាសម្តែងនៅក្នុងផលិតកម្មយ៉ាងធ្ងន់ធ្ងរ។

ទីភ្នាក់ងារនេះក៏បានបញ្ជាក់គោលជំហរយ៉ាងច្បាស់ថា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតទាំងអស់នោះ ព្រមទាំងបានស្នើរសុំឱ្យពួកគេបញ្ឈប់ធ្វើការចែករំលែក និងពង្រីកព័ត៌មាននេះជាបន្ទាន់។

ដោយឡែក ក្រុមអ្នកជំនាញខាងផ្លូវច្បាប់របស់ “ស៊ូ ខៃ” (Xu Kai) ក៏បានបន្ថែមដែរថា ព័ត៌មានចចាមអារ៉ាមទាំងនេះ គឺជាការបំភ្លៃការពិត និងរំលោភសិទ្ធិផ្ទាល់ខ្លួនរបស់បុគ្គល ដូចនេះពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់៕