កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា “យ៉ូន ជី អ៊ុន” (Yoon Ji-on) ត្រូវបានចោទប្រកាន់ពីបទបើកបរមិនប្រុងប្រយ័ត្នខណៈពេលដែលស្ថិតនៅក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ជាមួយគ្នានេះ ក្រុមការងារផលិតរឿង “ផុហ្សិធីវលី យ៉ស” (Positively Yours) ដែលកំពុងដំណើរការថតនាពេលនេះ បានសម្រេចចិត្តដកតារាសម្តែងប្រុសរូបនេះចេញភ្លាមៗតែម្តង។
យ៉ាងណាមិញ ទីភ្នាក់ងាររបស់ “អ៊ាម ហែសថេក” (IEUM HASHTAG) បានចេញសេចក្តីបំភ្លឺមួយថា កិច្ចសន្យារបស់ក្រុមហ៊ុនជាមួយតារាសម្តែង “យ៉ូន ជី អ៊ុន” (Yoon Ji-on) បានផុតកំណត់កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៥ មកម្ល៉េះ។ ក្នុងនោះភាគីទាំងពីរមិនបានបន្តកុងត្រាជាមួយគ្នាទៀតនោះទេ។ ដោយឡែក ស្របពេលដែលតារាប្រុសរូបនេះមិនទាន់បានចុះកុងត្រាជាមួយភ្នាក់ងារថ្មី ទីភ្នាក់ងារខាងលើក៏បានជួយមើលការខុសត្រូវជាបណ្តោះអាសន្នសម្រាប់ការងាររបស់គេមួយរយៈតែប៉ុណ្ណោះ ហើយបច្ចុប្បន្នពួកគេគ្មានជាប់ពាក់ព័ន្ធជាមួយគ្នាទៀតនោះឡើយ។
គួរឱ្យដឹងថា “យ៉ូន ជី អ៊ុន” (Yoon Ji-on) បានបង្ហាញខ្លួនជាលើកដំបូងជាតួសម្តែងនៅលើឆាកនៅក្នុងឆ្នាំ ២០១៣។ ក្រោយមកទៀត គេក៏បានចូលប្រឡូកក្នុងវិស័យយន្តយ៉ាងពេញទំហឹង ដោយបានសម្តែងនៅក្នុងរឿងល្បីៗដូចជា “មីឡូ អ៊ីស ម៉ាយ ណេយ៍ឆឺ” (Melo Is My Nature), “ជីរិសាន់” (Jirisan) និង “ឡើប ណេកដ័រ” (Love Next Door) ជាដើម។ ទោះជាយ៉ាងនេះក្តី ឧបទ្ទវហេតុនេះបានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងអាជីពរបស់គេ ហើយគេបានប្តេជ្ញាថានឹងទទួលខុសត្រូវទាំងស្រុង និងបន្តដំណើរជីវិតទៅមុខដោយវិប្បដិសារី៕
