លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងទៅកាន់មេដឹកនាំប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ថា សហរដ្ឋអាមារិក នឹងក្លាយជាដៃគូដ៏រឹងមាំបំផុតសម្រាប់តំបន់នេះ និងយូអង្វែង។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល អាមេរិក អាស៊ាននៅក្នុងទីក្រុងគូឡាឡាំពួរ លោកប្រធានាធិបតី ត្រាំ បានបន្តថា សហរដ្ឋអាមេរិក កំពុងស្ថិតក្នុងយុគសម័យមាសរបស់ខ្លួន និងថា "សាររបស់យើងទៅកាន់ប្រជាជាតិអាស៊ីអាគ្នេយ៍ គឺថា សហរដ្ឋអាមេរិកនៅជាមួយអ្នក 100% ហើយក៏មានបំណងចង់ក្លាយជាដៃគូដ៏រឹងមាំ និងយូអង្វែងផងដែរ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី 47 ជាកន្លែងដែលលោកសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ជាពិសេសកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា និងថៃ នោះ លោកប្រធានាធិបតី ត្រាំ នឹងបន្តដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីជួបជាមួយព្រះចៅអធិរាជ ណារូហ៊ីតូ ពោល គឺរយៈពេល 6 ឆ្នាំបន្ទាប់ពីជំនួបកាលពីពេលមុន។