កុមារដែលមានអាយុក្រោម 5 ឆ្នាំ 19 នាក់បានស្លាប់ បន្ទាប់ពីបានប្រើប្រាស់សេរូក្អក ខូដ្រីហ្វ របស់ក្រុមហ៊ុនឪសថ ស្រេសាន របស់ប្រទេសឥណ្ឌា ដែលមានផ្ទុកជាតិពុល ដាយធីលេន គ្លីកូល ក្នុងបរិមាណជិត 500 ដងលើសដែនកំណត់ ដែលអាចអនុញ្ញាតឲ្យប្រើប្រាស់បាន។ ភ្លាមៗ បន្ទាប់ពីផ្ទុះករណីនេះ យីហោឱសថ ខូដ្រីហ្វ ត្រូវបានហាមឃាត់ បន្ទាប់ពីការធ្វើតេស្តបញ្ជាក់ពីវត្តមានសារធាតុគីមីកាលពីថ្ងៃទី 2 ខែតុលាកន្លងទៅ ខណៈដែលម្ចាស់ក្រុមហ៊ុន ត្រូវបានចាប់ខ្លួន។ ទន្ទឹមនឹងនេះ  អាជ្ញាធរប្រទេសឥណ្ឌា ក៏បានស្នើឲ្យប្រជាជនជៀសវាងប្រើប្រាស់សេរូក្អកដែលលក់ក្នុងស្រុក 2 ផ្សេងទៀតគឺ រេសព្រីហ្វ្រេស និង រីលាយ បន្ទាប់ពីការធ្វើតេស្តរកឃើញមានផ្ទុកសារធាតុគីមីពុលដូចគ្នា។ គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌា គឺជាប្រទេសផលិតឱសថធំជាងគេទី 3 ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន។