គិតត្រឹមថ្ងៃអង្គារ ទី7 ខែតុលា ឆ្នាំ 2025 ម្សិលមិញនេះ គឺជាថ្ងៃគម្រប់ខួប 2 ឆ្នាំចាប់តាំងពីក្រុមហាម៉ាស់ បើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើអីស្រាអែល ដោយបានសម្លាប់ជនជាតិអីស្រាអែល 1200 នាក់ និងប្រមាណ 251 នាក់ទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំងនោះ ដែលជំរុញឲ្យអីស្រាអែល បើកការវាយប្រហារសងសឹករហូតមកដល់ពេលបច្ចុប្បន្ន ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រមាណ 67.500 នាក់ និងជាង 17 ម៉ឺននាក់ទៀតរងរបួស នៅក្នុងតំបន់ហ្គាហ្សា។ យោងតាមការិយាល័យផ្សព្វផ្សាយរបស់ក្រុមហាម៉ាស ក៏បានបញ្ជាក់ថា ជាមធ្យម ជនជាតិប៉ាឡេស្ទីន 92 នាក់ត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ស្របពេលដែលយុទ្ធនាការយោធារយៈពេល 2 ឆ្នាំរបស់អីស្រាអែលនេះ បានបង្កឲ្យមានវិបត្តិមនុស្សធម៌កាន់តែខ្លាំង ខណៈដែលទីភ្នាក់ងារអង្គការសហប្រជាជាតិរាយការណ៍ថា មនុស្សជាងកន្លះលាននាក់នៅតំបន់ហ្គាហ្សា បច្ចុប្បន្ននេះកំពុងប្រឈមនឹងគ្រោះទុរភិក្ស ហើយករណីស្លាប់ដោយគ្រោះទុរ្ភិក្ស និងកង្វះអាហារូបត្ថម្ភ ក៏បន្តកើនឡើងនៅទូទាំងតំបន់ហ្គាហ្សា ដោយចំនួនមនុស្សស្លាប់ដោយកង្វះអាហារូបត្ថម្ភសរុប បានកើនដល់ 460 នាក់ ក្នុងនោះមានកុមារ 155 នាក់។