ទៀនចំនួន 2.6 លានដើម ត្រូវបានអ៊ុចបំភ្លឺសម្រាប់ពិធី ឌីវ៉ាលី របស់ប្រទេសឥណ្ឌា
ទៀនចំនួន 2.6 លានដើម ត្រូវបានអ៊ុចបំភ្លឺនៅក្នុងទីក្រុង អាយុធ្យា (Ayodhya) របស់ប្រទេសឥណ្ឌា ដែលអ្នកកាន់សាសនាហិណ្ឌូជឿជាក់ថា ជាកន្លែងកំណើតរបស់ព្រះរាម (Lord Rama)។ ការអ៊ុចបំភ្លឺទៀនរាប់លានដើមនេះ ធ្វើឡើងដើម្បីប្រារព្ធពិធីបុណ្យ ឌីវ៉ាលី ឬជាការចាប់ផ្តើមនៃពិធីបុណ្យបំភ្លឺ។ ពិធីបុណ្យ ឌីវ៉ាលី នេះ ត្រូវបានប្រារព្ធធ្វើឡើងទូទាំងប្រទេសឥណ្ឌា ដើម្បីរំលឹកដល់ការវិលត្រឡប់មកវិញរបស់ព្រះរាម មកកាន់ក្រុងអាយុធ្យា បន្ទាប់ពីព្រះអង្គបានកម្ចាត់ស្តេចយក្យ រ៉ាវ៉ាណា នៃនគរលង្កា។ ទៀនបំភ្លឺនេះ ក៏តំណាងឲ្យការស្វាគមន៍ព្រះរាម មកកាន់ក្រុងអាយុធ្យាបន្ទាប់ពីការនិរទេសខ្លួនអស់រយៈពេល 14 ឆ្នាំ និងក៏ជានិមិត្តរូបនៃជ័យជំនះនៃអំពើល្អលើអំពើអាក្រក់ផងដែរ។