ក្រុមហាម៉ាស់ នៅតែស្វែងរកការធានារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល អំពីការបិទបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ដោយបញ្ជាក់ថា នេះនៅតែជាចំណុចជាប់គាំងដ៏សំខាន់បំផុតក្នុងការចរចារហូតមកដល់ពេលនេះ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងនៅថ្ងៃទីពីរនៃកិច្ចចរចាដោយប្រយោលរវាងមន្ត្រីក្រុមហាម៉ាស និងអីស្រាអែល សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលសម្របសម្រួលដោយប្រទេសអេហ្ស៊ីប និងកាតា។ ក្នុងការចរចារ ភាគីទាំងពីរបានផ្តោតទៅលើបញ្ហាស្នូល រួមមានការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន។ មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់ លោក ខាលីល អាល់ ហៃយ៉ា ដែលកំពុងដឹកនាំគណៈប្រតិភូហាម៉ាស បានបញ្ជាក់ថា ការពិភាក្សារបស់ពួកគេ គឺផ្តោតលើ "ការចរចាប្រកបដោយការទទួលខុសត្រូវ ដើម្បីសម្រេចបានបទឈប់បាញ់" ហើយគោលដៅសំខាន់គឺបញ្ចប់ជម្លោះ និងសម្រួលដល់ការផ្លាស់ប្តូរអ្នកជាប់ឃុំទាំងសងខាង ហើយក្រុមហាម៉ាស់ ក៏កំពុងស្វែងរកការបង្កើតយន្តការមួយសម្រាប់បទឈប់បាញ់ដ៏យូរអង្វែង ដែលទាមទារឲ្យមានការប្តេជ្ញាចិត្តជាក់ស្តែងពីអ៊ីស្រាអែល មិនឲ្យផ្ទុះជម្លោះឡើងវិញ។