ប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសប៉េរូ លោក ចូសេ ជេរី បានប្រកាសដាក់រដ្ឋធានី លីមា និងខេត្ត កាឡាវ ក្នុងភាពអាសន្នរយៈពេល 30 ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋកម្ម ដែលកំពុងកើនឡើង។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីផ្ទុះការតវ៉ាហឹង្សាកាលពីសប្តាហ៍មុន ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងជាង 100 នាក់ផ្សេងទៀតរងរបួស។ លោក ជេរី បាននិយាយថា វិធានការនេះ ចាប់ផ្តើមត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ទី21 ខែតុលា និងត្រូវបានអនុម័តដោយទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។ គួរបញ្ជាក់ផងដែរថា លោក ជេរី បានស្បថចូលកាន់តំណែងជាប្រធានាធិបតីប្រទេសប៉េរូកាលពីដើមខែនេះ បន្ទាប់ពីការធ្វើបាតុកម្មទម្លាក់អតីតលោកស្រីប្រធានាធិបតី ឌីណា ប៊ូឡូអាត។ ប្រធានាធិបតីបណ្តោះអាសន្នរូបនេះ កំពុងប្រឈមមុខនឹងបាតុកម្មដ៏ធំជាលើកដំបូងរបស់ក្រុមសង្គមស៊ីវិល និងយុវជន GenZ ដែលទាមទារឲ្យមានវិធានការប្រឆាំងនឹងការកើនឡើងនៃអំពើឧក្រិដ្ឋកម្ម។
