កាលពីថ្ងៃព្រហស្បតិ៍ ទី30 ខែតុលា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឲ្យយោធាអាមេរិក ត្រលប់មកចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាលើកដំបូងក្នុងរយៈពេល 33 ឆ្នាំ ពោល គឺប៉ុន្មាននាទីមុនពេលចាប់ផ្តើមកិច្ចប្រជុំជាមួយលោកប្រធានាធិបតីប្រទេសចិន ស៊ី ជីនពីង។ លោកប្រធានាធិបតី ត្រាំ បានបញ្ជារឲ្យមន្ទីរបញ្ចកោណ ចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដើម្បីឲ្យមានភាពស្មើគ្នា ជាមួយប្រទេសមហាអំណាចនុយក្លេអ៊ែរផ្សេងទៀត។ ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ត្រាំ ក្នុងការចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញនេះ ធ្វើឡើង បន្ទាប់ពីការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័សរបស់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបន្ទាប់ពីប្រទេសរុស្ស៊ីបានប្រកាសនូវអ្វីដែលខ្លួនហៅថា ជាការសាកល្បងដោយជោគជ័យនៃថាមពលនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលសមត្ថភាពនុយក្លេអ៊ែរ។ គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកបានសាកល្បងអាវុធនុយក្លេអ៊ែរចុងក្រោយបំផុតរបស់ខ្លួន គឺនៅឆ្នាំ 1992 ។
