នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក មូហាម៉ាដ ម៊ូស្តាហ្វា បានបង្ហាញផែនការ 3 ដំណាក់កាលសម្រាប់ការស្តារ និងកសាងតំបន់ហ្គាហ្សាឡើងវិញ ដែលត្រូវបានប៉ាន់ប្រមាណថានឹងត្រូវចំណាយអស់ថវិការប្រមាណ 67 ពាន់លានដុល្លារអាមេរិក និងមានរយៈពេល 5 ឆ្នាំនោះ។ លោក ម៊ូស្តាហ្វា បានបញ្ជាក់ថា រដ្ឋាភិបាលប៉ាឡេស្ទីន បានបង្កើតក្របខណ្ឌបង្រួបបង្រួមមួយ តាមរយៈកម្មវិធីគម្រោងអនុវត្តការស្តារ និងកសាងតំបន់ហ្គាហ្សាឡើងវិញ ដោយផ្អែកលើផែនការរបស់រដ្ឋអារ៉ាប់ ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលកាលពីខែមីនាកន្លងទៅ។ លោក ម៊ូស្តាហ្វា បានបន្តថា គម្រោងសាងសង់តំបន់ហ្គាហ្សាឡើងវិញនេះ មានរយៈពេលប្រាំឆ្នាំ ជាមួយនឹងទំហំថវិការចំនួន 67 ពាន់លានដុល្លារ ក្នុងនោះរួមបញ្ចូលគម្រោងតូចៗចំនួន 56 ក្នុង 18 វិស័យ។ យោងតាមលោក ម៊ូស្តាហ្វា គម្រោងកសាងឡើងវិញរយៈពេល 5 ឆ្នាំនេះ ត្រូវបានបែងចែកជា 3 ដំណាក់កាល ដោយដំណាក់កាលទី 1 ជាដំណាក់កាលសង្គ្រោះបន្ទាន់រយៈពេល 6 ខែ ផ្តោតលើការកសាងតំបន់ហ្គាហ្សាឡើងវិញដំបូង ដែលត្រូវចំណាយថវិការចំនួន 3.5 ពាន់លានដុល្លារ ដំណាក់កាលទីពីរ គឺជាដំណាក់កាលសាងសង់ និងស្តារឡើងវិញដែលមានរយៈពេលបីឆ្នាំ ដែលត្រូវចំណាយថវិការប្រមាណ 30 ពាន់លានដុល្លារ និងដំណាក់កាលទីបី គឺជាដំណាក់កាលកសាងឡើងវិញពេញលេញ។