ព្រះខ័នរាជស្វាយរៀង ដែលជាក្រុមជើងឯករង AFC Challenge League រដូវកាល ២០២៤-២០២៥កំពុងត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ AFC Challenge League វគ្គចែកពូល D រដូវកាលថ្មី ២០២៥-២០២៥ ដោយត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ អេស ភី ហ្វាល់ខន អេហ្វស៊ី របស់ប្រទេសម៉ុងហ្គោលី មុនគេ នាចុងសប្តាហ៍នេះ។
មន្ត្រីព័ត៌មានក្លឹបព្រះខ័នរាជស្វាយរៀងបញ្ជាក់ថា ការប្រកួតវគ្គជម្រុះពូល D មាន៤ក្រុម ពីថ្ងៃទី២៦ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នឹងត្រូវធ្វើសន្និសីទសារព័ត៌មានមុនការប្រកួតរួមគ្នា នាថ្ងៃទី២៥តុលា ដើម្បីបើកឱកាសដល់គ្រូបង្គោល និងប្រធានក្រុមនៃក្លឹបទាំង៤បានបញ្ចេញការយល់ឃើញ និងការត្រៀមខ្លួនរបស់ក្លឹបនីមួយៗ។
៤ក្រុមក្នុងពូល D នឹងត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ក្រុមអេស ភី ហ្វាល់ខន អេហ្វស៊ី របស់ប្រទេសម៉ុងហ្គោលី, ក្រុម អ៊ីស្សរ៉ា អេហ្វស៊ី របស់ប្រទេសឡាវ និងក្រុម ម៉ានីឡា ឌីកជើរ អេហ្វស៊ី មកពីប្រទេសហ្វីលីពីន។ គួរបញ្ជាក់ថា វគ្គចែកពូលនេះ មាន២០ក្រុមចូលរួមចែកជា៥ពូល។ ដោយឡែក ១ក្រុមទៀតរបស់កម្ពុជា គឺភ្នំពេញក្រោនលេងនៅក្នុងពូល E ដោយក្រុម ដេវ៉ា យូណាយធីត បេនធេន របស់ឥណ្ឌូណេស៊ីធ្វើម្ចាស់ផ្ទះ៕
