កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥ តារាចម្រៀងដ៏មានប្រជាប្រិយភាព “All3rgy - អលជ្ជី” បានធ្វើការទម្លាក់បទថ្មីរបស់ខ្លួនដែលមានចំណងជើងថា “ហ៊្វ្លែសប៊ែក” (Flashback)។ 

“ហ៊្វ្លែសប៊ែក” (Flashback) គឺជាបទដែលនិយាយពីចំណុចចាប់ផ្តើមនៃការដើរលើវិថីសិល្បៈរបស់តារាចម្រៀងប្រុសរូបនេះ។ ក្នុងនោះគេក៏បានលើកឈ្មោះរបស់សិល្បករល្បីៗមួយចំនួន និងសមាជិកនៅក្នុងក្រុម La Cima Cartel ផងដែរ ដែលបានរួមដំណើរ និងជាអ្នកជួយជ្រោមជ្រែងនៅពីក្រោយ រហូតទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ។

ដោយឡែក ក្រោយបញ្ចេញបទថ្មីរបស់ខ្លួនមិនទាន់បានប៉ុន្មានផង ស្រាប់តែអ្នកគាំទ្រមួយចំនួនបានចូលទៅបញ្ចេញមតិជាហូរហែ នៅពីក្រោមបទខាងលើ ដោយពួកគេបានភ្ជាប់ជាមួយកំពូលតារាចម្រៀងរ៉េបនៅកម្ពុជា គឺ លោក វណ្ណដា ពោលគឺ ពួកគេបានរិះគន់ចំៗទៅកាន់ “All3rgy - អលជ្ជី” ថា “ផឹកទឹកកុំភ្លេចប្រភព”។ ការលើកឡើងឃ្លាបែបនេះ ក៏ដោយសារតែពួកគេគិតថា ការជោគជ័យរបស់ “All3rgy - អលជ្ជី” ក៏មានចំណែករបស់ វណ្ណដា ផងដែរ។

ទន្ទឹមនឹងការបញ្ចេញមតិខាងលើ “All3rgy - អលជ្ជី” ក៏បានឆ្លើយតបទៅវិញភ្លាមៗថា “ផឹកទឹកកុំភ្លេចប្រភព មិនសមនឹងខ្ញុំទេ សូមជ្រាប”។ តារាចម្រៀងរូបនេះក៏បានបន្តទៀតថា “វណ្ណដា ជួយខ្ញុំ ឬ ខ្ញុំជួយ វណ្ណដា”។

យ៉ាងណាមិញ រឿងរ៉ាវទំនាស់ពាក្យសម្តីរបស់ “All3rgy - អលជ្ជី” និងអ្នកគាំទ្ររបស់វណ្ណដា នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ដោយពួកគេនៅតែបន្តការជជែកវែកញែកឥតឈប់ឈរនៅពីក្រោមបទ “ហ៊្វ្លែសប៊ែក” (Flashback) របស់ “All3rgy - អលជ្ជី”៕