លោកប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លី ជេយ៉ុងបានទទួលស្វាគមន៍មេដឹកនាំមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រាប់កិច្ចប្រជុំកំពូល អាប៉េច នៅព្រឹកថ្ងៃសុក្រ ទី31 ខែតុលានេះ។ លោកប្រធានាធិបតីប្រទេសចិន ស៊ី ជីនពីង និងលោកស្រីនាយករដ្ឋមន្ត្រីប្រទេសជប៉ុន សាណេ តាកៃឆី ស្ថិតក្នុងចំណោមមេដឹកនាំជាច្រើនរូបទៀត ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ជាវេទិកាដែលមានសមាជិក 21 ប្រទេសនោះ។ ប្រទេសសមាជិក អាប៉េច រួមចំណែក 50% នៃពាណិជ្ជកម្មសកល និង 61% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ខណៈដែលកិច្ចប្រជុំឆ្នាំនេះ ធ្វើឡើងបន្ទាប់ពីជំនួបរវាងលោកប្រធានាធិបតី ស៊ី និងលោកប្រធានាបតី ដូណាល់ ត្រាំ ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗទាំងពីរនេះ។
