កណ្តាល ៖ 

ស្រាសស្រាថ្នាំញ៉ាំបន្តិចបន្តួចដើម្បីបាយឆ្ងាញ់ តែលោកប្តី ដាក់ទាល់តែ ស្រវឹងចរឹកខឹង មួម៉ៅស្រែកជេរបញ្ចោរប្រពន្ធកូន វាយបំផ្លាញធ្វើអោយខូចខាតដោយចេតនាហិង្សាលើប្រពន្ធ  ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដែលករណីខាងលើ  បានកើតឡើងកាលពី វេលាម៉ោង១៧និង៤០នាទីថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៥នៅចំណុច ភូមិកំពង់សំណាញ់(១) សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ត្រី បាំង មិនា នាយប៉ុស្តិ៍នគរបាលរដ្ធបាលកំពង់សំណាញ់ បានប្រាប់ឲ្យដឹងថា÷ស្ត្រីជនរងគ្រោះមាន ឈ្មោះ ប៉ូ ចាន់ធឿន  អាយុ៤៣ឆ្នាំជនជាតិខ្មែរ (ត្រូវជា ប្រពន្ធ)  មុខរបរ លក់ដូរ , ចំនែកជនសង្ស័យមានឈ្មោះ ជិន សារិត ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្តី)មុខរបរលក់ដូរ   ដោយអ្នកទាំងពីរមានទីលំនៅ ក្នុងភូមិសង្កាត់កើតហេតុ ។ ចំពោះវត្ថុតាងចាប់យក៖ ដែកជ្រុងប្រវែង១,៣៥ ស.ម និង សម្ភារ:បាត់បង់៖ បែកទ្វារកញ្ចក់មួយផ្ទាំង។

តាមការបំភ្លឺពីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់សមត្ថកិច្ចថាកន្លងមក ជនសង្ស័យ (ប្តី) អោយតែផឹកស្រាស្រវឹងមកដល់ផ្ទះតែងតែជេរបញ្ចោរ រករឿងប្រពន្ធកូនជាញឹកញាប់ តែប្រពន្ធមិនដែលតប ត នោះទេ។

លុះនៅវេលាថ្ងៃកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងមិនដឹងបើកម៉ូតូសណ្តោងរ៉ឺម៉កមក ពីណា មកដល់ផ្ទះ បានស្រែកឲ្យបើកទ្វាររបងផ្ទះ លឺដូចនោះកូនក៏បានទៅបើកទ្វារឲ្យតែ ទំរាំបើកទ្វាររួច រាងយូបន្តិចធ្វើឲ្យជនសង្ស័យខឹងម៉ួរម៉ៅស្រែកជេរកូន ថែមទាំងបើកម៉ូតូរ៉ឺម៉ក ទៅបុកទ្វាររោងដាក់រថយន្ត បន្ទាប់មកបន្តមកធាក់ទ្វារកញ្ចក់ផ្ទះ បណ្តាលអោយបែក មួយផ្ទាំង រួចជនសង្ស័យបានចាប់ទាញដែកជ្រុងប្រវែង១,៣៥សង់ទីម៉ែត្រមកវាយជនរង គ្រោះជាប្រពន្ធ  តែត្រូវបានម្តាយចាប់ឃាត់ទាន់ ម្លេះនឹងមានគ្រោះថ្នាក់ធំដល់ប្រពន្ធ មិនខាន។

ដោយអស់ការស៊ូទ្រាំនឹងទង្វើរបស់ជនសង្ស័យជាប្តី ស្ទើរាល់ថ្ងៃលែងបាន    ស្ត្រីរងគ្រោះជា ប្រពន្ធក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចប៉ុស្តិ៍សង្កាត់កំពង់សំណាញ់អោយជួយអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យរួមទាំងបត្ថុតាងយកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាម នីតិវិធី ។

នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្ម ភាពធាក់ទ្វារកញ្ចក់ផ្ទះបណ្តាលឲ្យបែកអស់១ផ្ទាំង និងបំរុងវាយប្រពន្ធដោយដែកជ្រុងពិត ប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ៕