ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនអញ្ជើញជាអធិបតីពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "ការបំប៉នសមត្ថភាពគ្រូអប់រំកាយ និងកីឡា" នៅខេត្តសៀមរាប

Sports • October 10, 2025
 ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនអញ្ជើញជាអធិបតីពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "ការបំប៉នសមត្ថភាពគ្រូអប់រំកាយ និងកីឡា" នៅខេត្តសៀមរាប

នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សហការជាមួយ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាបបានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការបំប៉នសមត្ថភាពគ្រូអប់រំកាយ និងកីឡា” ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅសណ្ឋាគារ អេមព្រីសអង្គរ រីសត&ស្ប៉ា ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធ។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា វគ្គបំប៉ននេះរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់សមត្ថភាពគ្រូអប់រំកាយ និងកីឡាដែលបានបញ្ចប់ការសិក្សាពី វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាយ៉ាងតិច៣ឆ្នាំ និងកំពុងបង្រៀនមុខវិជ្ជាអប់រំកាយនៅវិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងខេត្តសៀមរាប លើការបង្រៀនមុខវិជ្ជាអប់រំកាយ ស្របតាមកម្មវិធីសិក្សាលម្អិត និងសៀវភៅគ្រូមុខវិជ្ជាអប់រំកាយ នៅកម្រិតមធ្យមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យកាន់តែល្អប្រសើរជាងមុន ក្នុងគោលដៅធ្វើឲ្យសិស្សានុសិស្សមានការលូតលាស់ល្អទាំងផ្នែករាងកាយ និងបញ្ញា ដែលជាហេតុនាំឲ្យកាយសម្បទាមាំមួន និងមានសុខភាពល្អ ពោលគឺធ្វើឲ្យពួកគេមានគុណតម្លៃ៤យ៉ាងគឺ៖ ឥរិយាបថ ចំណេះដឹង ជំនាញ និងសហការ ដែលជាធាតុដ៏សំខាន់ក្នុងការជួយឲ្យពួកគាត់ទទួលបានជោគជ័យក្នុងការសិក្សា និងក្លាយជាធនធានមនុស្សល្អ ដើម្បីអភិវឌ្ឍប្រទេសជាតិ។ វគ្គបំប៉ននេះប្រព្រឹត្តទៅមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន២៩នាក់ ក្នុងនោះសិក្ខាកាមមកពីខេត្តសៀមរាប ចំនួន២៥នាក់ ស្រី ០១នាក់ មកពី វិទ្យាស្ថានអប់រំពិសេសចំនួន២នាក់ និងមកពីវិទ្យាស្ថានគរុកោសល្យបាត់ដំបងចំនួន២នាក់។

 ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា តំណាងអង្គការបេះដូងមាស និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ដែលបានគាំទ្រ និងសហ ការរៀបចំសិក្ខាសាលានេះឡើង ដោយសង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់នឹងប្រើប្រាស់ឱកាស ៥ ថ្ងៃនេះ ឲ្យអស់ពីលទ្ធភាព ដើម្បីស្រូបយកចំណេះដឹងថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ល្អៗ និងនាំយកវិធីសាស្ត្របង្រៀនប្រកបដោយប្រសិទ្ធភាពទៅអនុវត្តន៍នៅតាមសាលារបស់ខ្លួន









x Enlarged Image