បាត់ដំបង៖
ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ និង លោកវរៈសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញ បានបន្តចុះឃាត់រថយន្តធុនធំ០១គ្រឿងដែលដឹកទំនិញចូលក្នុងក្រុង ល្មើសទៅនិងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្ត ។
សមត្ថកិច្ចនគរបាលជំនាញ បានអោយដឹងថា រថយន្តដែលត្រូវឃាត់នាពេលនេះ គឺជា ប្រភេទរថយន្តដឹកជីធុនធ្ងន់ ពណ៌ស ដែលមានផ្លាកលេខ ភ្នំពេញ3D-5413 ដែលរថយន្តខាងលើនេះ លួចដឹកទំនិញចូលក្រុងល្មើសទៅនិងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តដោយមិនអនុញ្ញាតអោយរថយន្តដឹកទំនិញសំពីងសំពោង និងរថយន្តធុនធំចូលក្នុងក្រុងឡើយ ព្រោះវាអាចធ្វើអោយមានការកកស្ទះ និងជាពិសេសធ្វើអោយខូចខាតផ្លូវថ្នល់ផងដែរ ។
នគរបាលជំនាញ បានបញ្ជាក់ទៀតថា រយៈពេលកន្លងមក កម្លាំងជំនាញ បានចុះឃាត់យកទៅធ្វើការអប់រំជាបន្តបន្ទាប់ហើយដែរ ប៉ុន្តែម្ចាស់ក្រុមហ៊ុនរថយន្តមួយចំនួន នៅតែបន្តលួចដឹកចូល ស្របពេលដែលសមត្ថកិច្ចមិនបានដាក់គោលដៅ ហើយ ចំពោះមុខនេះរថយន្តខាងលើមន្ត្រីជំនាញ បានបញ្ជូនទៅកាន់ស្នាក់ការរក្សាទុកយានយន្តគ្រោះថ្នាក់ចរាចរណ៍ និងយានយន្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ស្ថិតនៅក្នុងភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីធ្វើការអប់រំបន្ថែមនិងផាកពិន័យទៅតាមផ្លូវច្បាប់ ៕
