បើនិយាយពីស្រីស្អាត សាន្ត កុសមៈ ត្រូវបានមហាជនអ្នកគាំទ្រស្គាល់យ៉ាងទូលំទូលាយ តាមរយៈការប្រកួតនៅក្នុងកម្មវិធី ធីតាឯកសង្ក្រាន្ត រដូវកាលទី ២ ឆ្នាំ ២០២១។ បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈកម្មវិធីប្រកួតសម្រស់ខាងលើ កុសមៈ ក្តោបបានឱកាសការងារនៅក្នុងវិស័យសិល្បៈជាហូរហែ ដែលជានិច្ចជាកាល មហាជនអ្នកគាំទ្រ តែងតែសង្កេតឃើញថា តារាស្រីរូបនេះ ត្រូវបានផលិតករក្នុងស្រុកជ្រើសរើសសម្តែងជាអង្គឯកនៅក្នុងខ្សែភាពយន្តរបស់គេមិនដែលរំលងសោះឡើយ។ 

បន្ថែមពីការសម្តែង កុសមៈ ក៏ត្រូវបានម៉ាកយីហោរល្បីៗជ្រើសរើសជាឯកអគ្គរដ្ឋទូតប្រចាំផលិតផលរបស់ពួកគេ និងថែមទាំងបានដើរបង្ហាញម៉ូតឱ្យផលិតផលទាំងនោះ ទាំងនៅក្នុងស្រុក និងក្រៅស្រុកផងដែរ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ កុសមៈ ថែមទាំងអាចច្រៀនបានយ៉ាងពីរោះ និងអាចនិយាយភាសាចិនបានយ៉ាងស្ទាត់ ថែមទៀតផង។

ដ្បិតថា កំពុងកសាងប្រជាប្រិយភាពនៅក្នុងវិស័យសិល្បៈ និងត្រូវបានមហាជនអ្នកគាំទ្រទទួលស្គាលយ៉ាងទូលំទូលាយពីសមត្ថភាពសិល្បៈដ៏សម្បូរបែប ដែលមានតាំងពីកំណើតរបស់នាងក្តី ក៏តារាស្រីរូបនេះ មិនបានបោះបង់ចោលនូវការសិក្សានោះឡើយ។ ក្នុងនោះ ថ្មីៗនេះ មិត្តរួមអាជីព និងអ្នកគាំទ្រជាច្រើន បានសម្តែងក្តីអបអរសាទរដល់ កញ្ញា សាន្ត កុសមៈ ផងដែរ ក្រោយពេលដឹងថា ស្រីស្អាតរូបនេះ បានបញ្ចប់ការសិក្សាបរិញ្ញាបត្រដោយជោគជ័យលើមុខជំនាញមួយ៕