ក្រុមកីឡាករ-កីឡាការិនីកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទកម្ពុជា ដែលដឹកនាំដោយ ឧត្តមនាវីទោ ចាយ ស៊ីជឿន បានវិលត្រឡប់មកដល់ប្រទេសកំណើតវិញហើយ ដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មចូលរួមក្នុង ព្រឹត្តិការណ៍កីឡាយោធាកងទ័ពជើងទឹកពិភពលោកលើកទី៥៤ ដែលប្រព្រឹត្តទៅរយៈពេលជាង ១០ ថ្ងៃ នៅខេត្តហូប៉ី សាធារណរដ្ឋប្រជាមានិតចិន។ 

បេសកម្មចូលរួមតំណាងជាតិ ក្រុមកម្ពុជាបានចេញដំណើរទៅកាលពីថ្ងៃទី ១៧ ខែតុលា និងត្រឡប់មកវិញនារាត្រីថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ តាមច្រកអាកាសយានដ្ឋានអន្តរជាតិតេជោ។ ឧត្តមនាវីទោ ចាយ ស៊ីជឿន បានរំលេចថា ព្រឹត្តិការណ៍កីឡាយោធាកងទ័ពជើងទឹកពិភពលោក លើកទី៥៤ ដែលរៀបចំដោយប្រទេសចិននេះ មានប្រទេសចូលរួមសរុប៩ ដោយប្រកួតលើប្រភេទកីឡាមានដូចជា៖បុរសរត់ប្រដាប់អាវុធ, នារីរត់អត់អាវុធ, និងបាញ់កាំភ្លើង។

ឧត្តមនាវីទោខាងលើ បានគូសបញ្ជាក់ថា ក្នុងចំណោមប្រទេសអាស៊ានទាំង១១ប្រទេស គឺមានតែកម្ពុជា១ប៉ុណ្ណោះដែលចូលរួមប្រកួត ខណៈប្រមីយ៉ាន់ម៉ា ចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍។ ហើយសម្រាប់ការប្រកួតប្រជែងវិញគឺកម្រិតខ្ពស់ ព្រោះភាគច្រើនជាប្រទេសមានសមត្ថភាពខ្លាំងក្នុងតំបន់អាស៊ី។

សម្រាប់បេសកម្មចូលរួមលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាយោធាកងទ័ពជើងទឹកពិភពលោកនេះ ទោះជាអត្តពលិកកម្ពុជាមិនទាន់អាចទទួលបានមេដាយដូចគោលដៅរំពឹងទុកនូវឡើយក្តី ប៉ុន្តែ ក្រុមអត្តពលិកកម្ពុជា បានបង្ហាញពីភាពថ្លៃថ្នូរ វិន័យ និងអត្តចរិកល្អប្រពៃ ក្នុងនាមជាប្រជាជាតិកម្ពុជា ដែលធ្វើឲ្យកម្ពុជាទទួលបាន ពានកិត្តិយស ក្រុមលេងដោយយុត្តិធម៌។ ពាននេះត្រូវបានផ្តល់ឲ្យតែពីរប្រទេសប៉ុណ្ណោះ ក្នុងចំណោមប្រទេសចូលរួមទាំង៩ គឺកម្ពុជា និងប្រទេសមួយទៀតមកពីទ្វីបអាហ្វ្រិក។

ឧត្តមនាវីទោ ចាយ ស៊ីជឿន បានបញ្ជាក់ទៀតថា ការចូលរួមជាលើកដំបូងនេះ បានផ្តល់បទពិសោធសម្បូរបែប ដល់អត្តពលិកកម្ពុជាក្នុងការសិក្សា និងបង្កើនចំណេះដឹងថ្មីៗ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតអន្តរជាតិធំៗបន្ថែមទៀត។ ការចូលរួមដំបូងនេះអាចមានភាពខ្វះចន្លោះខ្លះៗក្នុងការរៀបចំក្រុម ប៉ុន្តែជាជំហានដ៏សំខាន់ក្នុងការបើកផ្លូវអភិវឌ្ឍកីឡាកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទកម្ពុជាឲ្យរីកចម្រើនបន្តទៅមុខ។