ភ្នំពេញ៖

រថយន្តសណ្តោងកុងតឺន័រមួយគ្រឿង បានបើកឡើងស្ពានអាកាសមរតកតេជោ ជ្រុលទៅទាក់បារ៉ាសដែក ធ្លាក់សង្កត់លើរថយន្តលុចស៊ីស៥៧០ដែលជិះជាលក្ខណៈ គ្រួសារបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ  ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី១២ខែតុលាឆ្នាំ២០២៥ ចំនុចគល់ស្ពានអាកាសមរតកតេជោ ត្រើយខាងកើត ផ្លូវ២៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន  ។

តាមប្រភពព័ត៌មាន បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បាន បើករថយន្តម៉ាកសណ្តោងកុងតឺន័រ ហ៊ីយុនដាយ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 3C 4152 បើកចុះពីស្ពានមុនីវង្សចាស់ទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវ២៧១បោះពួយឡើងស្ពានអាកាសមរតកតេជោ។ 

តែដោយសារតែអ្នកបើកបរមិនដែលធ្លាប់បើកឆ្លងកាត់ទីនោះ ដោយមិនបានមើលបារ៉ាស ដែកគេដាក់ហាមរថយន្ត ដែលមានកំពស់ចាប់ពី 3.6ម៉ែត្រ ឆ្លងកាត់ ទើបបណ្ដាលឲ្យទូរកុងតឺន័រជ្រុលទៅទាក់បារ៉ាសដែក បណ្តាលឲ្យបាក់ ធ្លាក់សង្កត់លើរថយន្តម៉ាកលុចស៊ីសLX៥៧០ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BZ1629 ដែលជិះជាលក្ខណៈគ្រួសារមានប្រុសស្រីចំនួន៤នាក់ កំពុងបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងការខូចខាតខ្ទេចដំបូលរថយន្តយ៉ាងដំណំ តែសំណាងល្អ មិនគ្រោះថ្នាក់ដល់មនុស្ស ដែលជិះក្នុងរថយន្ត  ។

ករណីនេះផងដែរ អ្នកបើកបរ ថាគាត់មិនដែលបើកឆ្លងកាត់ផ្លូវនិងទើបមិនដឹង ក៏ជ្រុល ទៅទាក់បារ៉ាសដែកតែម្ដងទៅ  ។

ក្រោយកើតហេតុ មិនអាចដោះស្រាយគ្នាបាន មធ្យោបាយទាំងអស់រួមទាំងអ្នកបើកបរ ត្រូវសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យជំនាញចរាចរណ៍ក្រុងវាស់វែងយកទៅរក្សាទុករងចាំដំណោះស្រាយនៅពេលក្រោយ ៕