លោកស្រី ស៊ាង ស្រីពៅ អគ្គលេខាធិការ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានគូសបញ្ជាក់ថា ការប្រកួតកីឡាជិះសេះផ្លោះរបារ និង Derby ឆ្នាំ២០២៥ នៅ ជីននីស រីសត រាជធានីភ្នំពេញត្រូវបានធ្វើឡើងរវាងសហព័ន្ធសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ជាមួយនឹង ជីននីស រីសត ក្នុងកិច្ចសហការរួមគ្នា ដើម្បីជ្រើសរើសធនធានកីឡាករ កីឡាការិនីជិះសេះឆ្នើមៗ ត្រៀមឆ្ពោះទៅចូលរួមប្រកួតអន្តរជាតិកម្រិតអាស៊ី ក៏ដូចជាត្រៀមទទួលធ្វើម្ចាស់ផ្ទះលើកទី១ ការប្រកួតអន្តរជាតិ នាចុងខែវិច្ឆិការដល់ដើមខែធ្នូ ២០២៥។
លោកស្រីអគ្គលេខាធិការបន្ថែមថា សម្រាប់ការប្រកួតរយៈពេល២ថ្ងៃនេះ គឺកីឡាករ កីឡាការិនីពិតជាធ្វើបានល្អ បើប្រៀបធៀបនឹងការប្រកួតមុនៗ ដោយសារតែពួកគាត់ទទួលបានការបង្វឹកដោយផ្ទាល់ពីគ្រូបង្វឹកមកពីក្រៅប្រទេស ក្រោមការជួយឧបត្ថម្ភគាំទ្រពីជីននីស រីសត។
ជាមួយគ្នានេះ លោកស្រី ស៊ាង ស្រីពៅ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាគាំទ្រលើកទឹកចិត្តដល់ការធ្វើម្ចាស់ផ្ទះជាលើកដំបូង នាចុងខែក្រោយនេះផងដែរ។ ដោយសារតែការប្រឹងប្រែងជំរុញដល់ការត្រៀមការហ្វឹកហាត់ និងផែនការធ្វើម្ចាស់ផ្ទះនេះ លោកស្រីជឿជាក់ថា កីឡាករ កីឡាការិនីម្ចាស់ផ្ទះកម្ពុជានឹងទទួលបានមេដាយជូនជាតិ នាចុងខែវិច្ឆិការដល់ដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះជាក់ជាមិនខាន៕
