កណ្តាល៖
បុរសរងគ្រោះ បានលង់ទឹកស្លាប់នៅខាងក្រោមផ្ទះខ្លួនឯង ក្រោយសុំលុយប្រពន្ធថាទៅកាត់សក់ តែបែរជាយកទៅទិញស្រាពិសាររហូតស្រវឹងខ្លាំង ដោយហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១៨និង៤០នាទីថ្ងៃទី០៨ខែតុលាឆ្នាំ២០២៥ នៅចំណុចខាងក្រោមផ្ទះ(ខែវស្សាទឹកលិចក្រោមផ្ទះ) ស្ថិតក្នុងភូមិព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
តាមការបំភ្លឺពីស្ត្រីឈ្មោះ រឹន ចាន់ អាយុ៥៧ឆ្នាំ ត្រូវជាប្រពន្ធរបស់សពជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះជាប្តីមានឈ្មោះ សន ធឿន អាយុ៥៥ឆ្នាំ
ជនជាតិខ្មែរ មុខរបរកសិករ រស់នៅក្នុងភូមិសង្កាត់កើតហេតុ ដោយប្ដីរបស់គាត់ជាមនុស្សញៀនស្រា តែងតែផឹកស្រាជាប្រចាំ។ នៅមុនកើតហេតុ ប្ដីរបស់គាត់បានសុំលុយថា យកទៅកាត់សក់តែបែរជាយកលុយទៅស្រាហូបរហូតដល់មានអ្នកគ្រាយកមកផ្ទះ។ បន្ទាប់មក ប្តីរបស់គាត់ បានសុំលុយប្រពន្ធម្តងទៀតដើម្បីយកទៅកាត់សក់ ប្រពន្ធក៏អោយលុយទៅប្តីម្តងទៀត។
លុះដល់ពេលល្ងាច ទើបជនរងគ្រោះត្រឡប់មកផ្ទះវិញស្រវឹងកាន់តែខ្លាំងលើសដើម ហើយបានរករឿងប្រពន្ធថែមទៀតផង តែប្រពន្ធមិនតបតទេក៏ដើរចេញបាត់ទៅ ចំនែកឯជនរងគ្រោះក៏ចុះទៅក្រោមផ្ទះដើម្បីកក់សក់ព្រោះ មានទឹកចូលពេញក្រោមផ្ទះក្នុងរដូវវស្សា ។
នៅវេលាកើតហេតុ ពេលប្រពន្ធត្រឡប់មកវិញ តែមិនឃើញប្ដីនៅលើផ្ទះ ហើយក៏បានស្រែកសួរអ្នកជិតខាង អ្នកជិតខាងក៏ឆ្លើយថាមិនឃើញទេ។ ពេលនោះដោយមានការសង្ស័យ ក៏ផ្អើលឆោឡោស្រែកអោយអ្នកជិតខាងជួយនិងបានអោយកូនក្មួយចុះរាវនៅក្នុងទឹកខាងក្រោមផ្ទះ ក៏ប្រទះឃើញជនរងគ្រោះ ស្លាប់ក្នុងទឹកបាត់ទៅហើយ ទើបរាយការណ៏ជូនសមត្ថកិច្ចចុះមកពិនិត្យ ។
ក្រោយសមត្ថកិច្ចជំនាញពិនិត្យទីតាំងកើតហេតុ ធ្វើកោសលវិច្ច័យ រួមនិងលោកគ្រូពេទ្យបានបញ្ជាក់ថា÷សពជនរងគ្រោះពឹតជាស្លាប់ដោយលង់ទឹក ប្រកដមែន និងក៏បានប្រគល់ សព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
