កីឡាករកីឡាការិនីកីឡាវាយសីរួមជាមួយគ្រូបង្វឹកនៅថ្ងៃទី២៤ ខែ តុលា បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ព្រះរាជាណាចក្របារ៉ែន ដើម្បីចូលរួមការប្រកួតកីឡាយុវជនអាស៊ីលើកទី៣។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនចេញដំណើរ លោក ប៉ិ សុណ្ណារីរិទ្ធី គ្រូបង្វឹកកីឡាករកីឡាការិនីវាយសីថ្នាល បានបញ្ជាក់ឱ្យដឹងថា បេសកម្មប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣នៅព្រះរាជាណាចក្របារ៉ែននេះ សហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជូនកីឡាករកីឡាការិនីសរុប៤រូប ដោយធ្វើការប្រកួតលើ៣វិញ្ញាសា មានដូចជា៖ ប្រកួតឯកក្តជនបុរស ឯកក្តជននារី និងគូរបុរសនារី។
គ្រូបង្វឹករូបនេះ បានអះអាងថា សម្រាប់ការប្រកួតរបស់កូនក្រុមក្នុងព្រឹត្តិការណ៍យុវជនអាស៊ីលើកទី៣នេះ លោកមានសង្ឃឹមមុតមាំថា ពួកគេពិតជាធ្វើបានល្អ ខណៈមុនទៅចូលរួមការប្រកួតសហព័ន្ធបានដុសខាតសមត្ថភាពយ៉ាងខ្លាំងក្លា និងប្រកួតដកស្រង់បច្ចេកទេសជាបន្តបន្ទាប់ផងដែរ។
ជាមួយគ្នានោះ លោក ស្រី សុខ សុភាព ម្តាយ កីឡាការិនីវាយសី លឿង ម៉ាលី ណែត បានប្រាប់ឱ្យដឹងដែរថា សម្រាប់ការចាកចេញរបស់កូនស្រីទៅចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបអាស៊ីនេះ លោកស្រីជាម្តាយមានមោទនភាព ហើយក៏មានក្តីបារម្ភដែរ។ព្រោះការប្រកួតនេះ គឺជាការប្រកួតធំប្រជុំដោយជើងខ្លាំង ។ ទន្ទឹមជាមួយគ្នានោះ ក្នុងនាមលោកស្រីជាម្តាយ គឺមានតែលើកទឹកកូនឱ្យខិតខំប្រឹងប្រែងប្រកួត ដើម្បីមុខមាត់ប្រទេសជាតិ។
សូមជម្រាប់ថា ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣នៅព្រះរាជាណាចក្របារ៉ែននេះ សហព័ន្ធកីឡាវាយសីកម្ពុជាបានបញ្ជូនអត្តពលិក ៥រូប ក្នុងនោះកីឡាករ ២រូប មាន កីឡាករ រតនា វិរៈស័ក្កិ អៀ វិលាម កីឡាការិនី លឿង ម៉ាលីណែត ម៉ាក់ លីតាជូលី និងគ្រូបង្វឹក លោកប៉ិ សុណ្ណារីរិទ្ធី។ សម្រាប់វាយសី ប្រកួតចាប់ផ្តើមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ៕
