ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានដឹកនាំកីឡាករ-កីឡាការិនី ៦រូប ទៅប្រកួតមិត្តភាពអន្ដរជាតិ នៅទីក្រុង Chengdu ប្រទេសចិន កាលពីថ្ងៃទី៧ តុលា ឆ្នាំ២០២៥។ ក្នុងចំណោមអ្នកប្រដាល់ ៦រូបនោះ កីឡាករ-កីឡាការិនីកម្ពុជា បានឈ្នះ២នាក់ ស្មើ១នាក់​ និងចាញ់៣នាក់។

ការប្រកួតចាប់ផ្ដើម ដោយកីឡាការិនីទាំង២នាក់ មិនបានស្ទាប់ស្ទង់គ្នាច្រើនឡើយ ហើយចាប់ផ្ដើមចូលអោប និងឡើងជង្គង់គ្នាទៅវិញទៅមក។ កីឡាការិនីចិន ដែលបទពិសោធន៍ត្រឹមតែ៧ប្រកួត ហាក់បីដូចជាយល់ច្បាស់ពីការឡើងជង្គង់ ដែលបង្ហាញថាគុនខ្មែរ ត្រូវបានចិនយកទៅហ្វឹកហាត់បានយ៉ាងល្អ។ ដោយឡែក ជង្គង់របស់កីឡាការិនីកម្ពុជា ដែលជាម្ចាស់ដើមនៃក្បាច់គុនខ្មែរ នៅតែល្អជាងកីឡាការិនី Wang Qinghang ដោយបានប្រើចំគោលដៅច្រើនជាង។ កីឡាការិនីទាំង២ បានឆ្លងកាត់ការប្រកួតទាំង៣ទឹក ជាមួយការវាយសម្រុកគ្នាយ៉ាងសន្ធឹក។ កម្លាំងស្ទុះអ្នកទាំង២ ហាក់បីដូចជាមិនថមថយឡើយ ទោះជាសម្រុកគ្នា៣ទឹក។ នេះប្រហែលជាវ័យនាក់ទាំង២ ស្ថិននៅក្រោម ១៨ឆ្នាំ ដែលជាវ័យពោពេញទៅដោយកម្លាំង។ Wang Qinghan មានបច្ចេកទេសវាយដៃចូលផ្ទៃមុខល្អ ខណៈ កីឡាការិនី វ៉ាន់និច ប្រើជង្គង់ល្អជាងកីឡាការិនីចិនរូបនេះ។ ចប់ការប្រកួត កីឡាការិនី រិទ្ធី វ៉ាន់និច ឈ្នះ កីឡាការិនីចិន ដោយពិន្ទុ។

រីឯការប្រកួតរវាង ពេជ្រ អាទិទេព និងកីឡាករចិន Liu Junchao លើប្រភេទទម្ងន់ ៥៨គីឡូក្រាម ការប្រកួតនេះ ក៏មានភាពស្វិតស្វាញមិនចាញ់គូប្រកួតរវាងកីឡាការិនីមុនដែរ។ កីឡាករខ្មែររូបនេះ បានប្រកួតជាមួយកីឡាចិន ដែលមានកម្ពស់១,៧៣ម៉ែត្រ ខ្ពស់ជាងខ្លួន ៨សង់ទីម៉ែត្រ។ ប៉ុន្ដែបើធៀបទៅបទពិសោធន៍ ពេជ្រ អាទិទេព ឆ្លងកាត់៥០លើក ក្នុងនោះឈ្នះ៤៦ និងចាញ់២ ខណៈ Liu Junchao ប្រកួត ៣៣លើក ឈ្នះ៣០ និងចាញ់៣។ ពេជ្រ អាទិទេព មានជំនឿចិត្តជាខ្លាំង ដោយបានដើរគៀងកីឡាករចិន ឲ្យដើរជុំវិញសង្វៀន ហើយពេលខ្លះក៏ឆ្មក់វាយកែង​ និងទាត់ជើងក្រោមរបស់ Liu Junchao។ ប៉ុន្ដែកីឡាករចិនវ័យ ២១ឆ្នាំ ដែលអាយុស្របាលគ្នាជាមួយកីឡាករកម្ពុជារូបនេះ ក៏អាចវាយចូលមុខ ពេជ្រ អាទិទេព បានម្ដងម្កាលដែរ។ លុះចូលដល់ទឹកទី៣ ពេជ្រ អាទិទេព ធ្លាក់កម្លាំង ហើយក៏ត្រូវបានកីឡាករចិន វាយចូលយ៉ាងសន្ធឹក និងចូលចំផ្ទៃមុខពេញ។ ចប់ការប្រកួត ពេជ្រ អាទិទេព ចាញ់កីឡាករ Liu Junchao ដោយពិន្ទុ។

ចំណែក អេ យ៉ានុត កីឡាការិនីកម្ពុជារូបនេះ ក៏បរាជ័យ ដោយចាញ់កីឡាការិនីចិន Qi Qiulan ដោយពិន្ទុ ក្នុងការប្រកួតលើប្រភេទទម្ងន់ ៥៨គីឡូក្រាម។ កីឡាការិនីចិនរូបនេះ មានប្រៀបជាង អេ យ៉ានុត ទាំងបទពិសោធន៍ប្រកួត និងកាយសម្បទា។ Qi Qiulan ប្រកួតបាន ៣១លើក ឈ្នះ២៦ និងចាញ់៥ប្រកួត ខណៈកីឡាការិនីកម្ពុជារូបនេះ ប្រកួត ២២លើក ឈ្នះ១៣ និងចាញ់៦។ ការវាយចេញពីកីឡាការិនីចិន ល្អជាង អេ យ៉ានុត ដោយវាយចូលមុខ និងចំគោលដៅច្រើនជាង។ ការវាយចូលគោលដៅនេះ បានធ្វើឲ្យកីឡាការិនីកម្ពុជា​ ដែលមានវ័យ ២៦ឆ្នាំរូបនេះ ស្ទើតែបាត់បង់ម្ចាស់ការលើការតាំងស្មារតី។ អេ យ៉ានុត ត្រូវបានកីឡាការិនីចិន វាយចូលទាំង៣ទឹក យ៉ាងចាស់ដៃ។

គូទី៤ កីឡាករ មឿន សុខហ៊ុច ត្រូវប៉ះជាមួយកីឡាករចិន Ji Duoyibu ជាលក្ខណៈឃីកប៊ុកស៊ីង។ បើធៀបបទពិសោធន៍ប្រកួតឃីកប៊ុកស៊ីង កីឡាករកម្ពុជា នឹងមិនមានប្រៀបច្រើនជាងឡើយ។ ម្យ៉ាងវិញទៀត កីឡាករចិន ក៏ជាម្ចាស់ក្បាច់ប្រដាល់ឃីកប៊ុកស៊ីង ផងដែរ។ ទោះជាយ៉ាងនោះក៏ដោយ ម៉ឺន សុខហ៊ុច មិនខ្វល់ពីរឿងទាំងអស់នេះទេ ហើយបានបញ្ចេញអស់ពីសមត្ថភាព ដោយវាយប្ដូរដៃគ្នាជាមួយកីឡាករម្ចាស់ផ្ទះ ទៅវិញទៅមក។ នៅទឹកទី៣ កីឡាករកម្ពុជារូបនេះ បានភ្លាត់ស្នៀត ហើយត្រូវ Ji Duoyibu វាយចូលផ្ទៃមុខ បណ្ដាលឲ្យដួលអុកគូទទៅក្រោយ ប៉ុន្ដែ សុខហ៊ុច នៅតែអាចងើបឡើងតាំងស្មារតីប្រកួតទៀតបាន។ ឆ្លងកាត់ការប្រកួតទាំង ៣ទឹក កីឡាករកម្ពុជា បានចាញ់កីឡាករចិន ដោយពិន្ទុ។

រូបពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ

ចំណែក កីឡាករ ឡៅ ចិត្រា ត្រូវប្រកួតជាមួយកីឡាករចិន លី ប៉ូលីន  ជាលក្ខណៈគុនខ្មែរ លើប្រភេទទម្ងន់៧០គីឡូក្រាម។ ទោះជាការប្រកួតសង្វៀនក្រៅប្រទេស កីឡាករកម្ពុជារូបនេះ មិនបានស្ទាបស្ទង់សមត្ថភាពគូប្រកួតឡើយ ហើយព្យាយាមទាត់ និងឲ្យកែងជាច្រើនលើក ដែលភាគច្រើនជាក្បាច់ផ្ដួលគូប្រកួតរបស់កីឡាករគុនខ្មែរ។ ប៉ុន្ដែកីឡាករម្ចាស់ផ្ទះ ក៏វាយបក ហើយក៏ចេះស្នៀតមួយចំនួនមិនចាញ់កីឡាករកម្ពូជា ប៉ុន្មានឡើយ។ លី ប៉ូលីន មិនមែនជាកីឡាករចិនដែលមានសមត្ថភាពអន់ឡើយ ព្រោះកាលពីចុងខែកញ្ញា កីឡាករចិនរូបនេះ បានផ្ដួល កីឡាករ ខាំ ខ្លារាជ នៅក្នុងសង្វៀន ដែលស្ថិតនៅក្នុងខេត្តសៀមរាប។ ចប់ការប្រកួត ឡៅ ចិត្រា បានត្រឹមស្មើជាមួយកីឡាករម្ចាស់ផ្ទះ។

គូទី៦ ពេជ្រ សម្បត្តិ ត្រូវប្រកួតជាមួយ កីឡាករចិន Carlos Su លើប្រភេទទម្ងន់ ៦០គីឡូក្រាម។ សម្រាប់គូនេះ ពេជ្រ សម្បត្តិ មានបទពិសោធន៍ ១១១ដង ឈ្នះ៩៦ និងចាញ់១១ ចំណែកកីឡាករម្ចាស់ផ្ទះ ប្រកួតបាន៣៥ដង ឈ្នះ៣០ និងចាញ់៥ដង។ កីឡាករកម្ពុជា​ មានប្រៀប និងបច្ចេកទេសល្អជាង សម្រាប់ការប្រកួតនេះ។ ពេជ្រ សម្បត្តិ បានវាយចូលផ្ទៃមុខគូប្រកួតជាច្រើន ដែលធ្វើឲ្យ Carlos Su មានឈាមចេញពីផ្ទៃមុខ។ កីឡាករចិន បានត្រឹមតែវាយការពារខ្លួន ហើយដកថយ ដែលហាក់បីដូចជាមិនអាចយកប្រៀបលើពេជ្រ សម្បត្តិ បានឡើយ។ Carlos Su ព្យាយាមទប់កីឡាករកម្ពុជា រហូតដល់ចប់ទឹកទី៣។ ចប់ការប្រកួត ពេជ្រ សម្បត្តិ ឈ្នះ Carlos Su ដោយពិន្ទុ៕

រូបពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ

រូបពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ