កាលពីល្ងាចថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ «មហោស្រពភាពយន្តខ្លីចតុមុខ» ជំនាន់ទី ១៤ បានបញ្ចប់ទៅដោយជោគជ័យ នៅរោងភាពយន្តលេជេន ព្រីមាម អិចឆេង សឃ្វែរ។ ស្ថិតនៅក្នុងពិធីដ៏មហោឡារិកនេះ ស្ថាបនិកក្រុមភាពយន្តឈូករ័ត្ន និងស្ថាបនិក «មហោស្រពភាពយន្តខ្លីចតុមុខ» លោក ស៊ុំ ស៊ីថែន បានថ្លែងប្រាប់ឱ្យដឹងថា មហោស្រពបានបន្តមកដល់ឆ្នាំទី ១៤ ហើយ គិតតាំងពីឆ្នាំបង្កើតឡើងដំបូងក្នុងឆ្នាំ ២០១២។ មហោស្រពនេះ បង្កើតឡើងមកក្នុងចក្ខុវិស័យលើកកម្ពស់ស្នាដៃភាពយន្តបង្កើតថ្មីរបស់យុវសមិទ្ធករជំនាន់ក្រោយ និងដើម្បីជ្រើសរឿងខ្លីដែលមានរយៈពេលខ្ទង់ ៣០ នាទីចាក់បង្ហាញ ក៏ដូចជាការដាក់ប្រកួតប្រជែងទាំងក្នុងស្រុក និងក្រៅស្រុកជាដើម។

យ៉ាងណាមិញ នៅក្នុងឆ្នាំនេះ មហោស្រព ទទួលបានការដាក់ស្នាដៃប្រកួតប្រជែងពីយុវសមិទ្ធករចំនួន ៤១ ភាពយន្តខ្លី ក្នុងនោះមាន ២១ ចំណងជើងជាភាពយន្តខ្មែរ និង ២០ ចំណងជើងជាភាពយន្តបរទេស។ ក្នុងចំណោម ៤១ ភាពយន្តខ្លីនេះ កម្មវិធី «មហោស្រពភាពយន្តខ្លីចតុមុខ» បានរកឃើញភាពយន្តដែលល្អដាច់គេប្រចាំឆ្នាំនៅក្នុងជំនាន់ទី ១៤ ចំនួន ៥ ចំណងជើង ដែលមានដូចជា៖ រឿង «ចៅសំណព្វចិត្ត» ឬ Grandma Nai who played favorite ទទួលបានពានរង្វាន់ភាពយន្តខ្លីខ្មែរល្អបំផុត, រឿង «គ្រាំចិត្ត» ឬ HEARTACHE ទទួលបានពានរង្វាន់ភាពយន្តខ្លីខ្មែរល្អបំផុតលេខ២, រឿង «ព្រះចន្ទក្រហម» ឬ RED MOON ទទួលបានពានរង្វាន់គណៈកម្មការ និងពានរង្វាន់ជម្រើសទស្សនិកជន, រឿង ឃ្រីមហ្សឹន រ៉េខ្វៀម «CRIMSON REQUIEM» ទទួលបានពានរង្វាន់ភាពយន្តខ្លីអន្តរជាតិល្អបំផុត និង រឿង វ៉ក់ ហ្ស៊ូម៉ាណា «Vox Humana» ទទួលបានពានរង្វាន់ចំណារលើកទឹកចិត្តពីមេប្រយោគអន្តរជាតិ និងពានរង្វាន់ទស្សនិកជន។

សូមបញ្ជាក់ថា «មហោស្រពភាពយន្តខ្លីចតុមុខ» លើកទី១៤ បានរៀបចំពិធីបើកនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ និងបិទនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នៅរោងភាពយន្ត លេជេន ព្រីមាម អិចឆេង សឃ្វែរ៕