ការប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥នឹងត្រូវរៀបចំឡើងជាលើកដំបូង នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដោយតាមរយៈព្រឹត្តិការណ៍ប្រកួតដ៏ធំប្រចាំឆ្នាំមួយនេះគ្រោងនឹងផ្តោតសំខាន់លើការផលិតធនធានថ្នាលយុវជន ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ខាងមុខ នៅកម្ពុជា។

លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានគូសបញ្ជាក់ថា នេះជាការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកមួយនេះពីក្រៅសាល នៅតាមតំបន់ឆ្នេរសមុទ្រមករៀបចំនៅក្នុងសាលនៃពហុកីឡដ្ឋាន ស្របតាមគោលដៅរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងអន្តរជាតិ។ ជារៀងរាល់ឆ្នាំការប្រកួតជើងឯកថ្នាក់ជាតិតែងតែរៀបចំនៅតំបន់ឆ្នេរខេត្តកែប ប៉ុន្តែឆ្នាំ២០២៥នេះរៀបចំឡើងជាលើកដំបូងនៅរាជធានីភ្នំពេញ ហៅថាប្រភេទកីឡាទ្រីយ៉ាត្លុង Indoor ដែលពិភពលោកបានអភិវឌ្ឍពី Outdoor មក Indoor បានដូចគ្នា។

ជាមួយនឹងការប្រកួតថ្នាក់ជាតិនេះ លោក ងិន សុខបញ្ញា បានអះអាងថា សហព័ន្ធផ្តោតសំខាន់លើការស្វែងរកធនធានកីឡាករ កីឡាការិនីថ្នាលឱ្យបានកាន់តែច្រើនចាប់ពីអាយុ១១ឆ្នាំ ១២ឆ្នាំ ឬ១៣ឆ្នាំឡើងទៅ ដើម្បីបណ្តុះការហ្វឹកហាត់បន្ថែមឱ្យមានគុណភាព ត្រៀមឆ្ពោះទៅរកគោលដៅចម្បង គឺការត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជាជាប្រវត្តិសាស្ត្រដំបូង។

គួរបញ្ជាក់ថា ការប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិ គ្រោងនឹងរៀបចំឡើង នាថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដោយមាន៣វិញ្ញាសាធំៗ រួមមាន៖ វិញ្ញាសាអាគ័តត្លុង បុរស-នារី មានហែលទឹក ៥០០ម៉ែត្រ+រត់ប្រណាំង ២,៥គីឡូម៉ែត្រ។ វិញ្ញាសាឌូអាត្លុង បុរស-នារី មានរត់ប្រណាំង ២គីឡូម៉ែត្រ+ប្រណាំងកង់ ៨គីឡូម៉ែត្រ+រត់ប្រណាំង ១គីឡូម៉ែត្រ។ វិញ្ញាសាទ្រីយ៉ាត្លុងបុរស-នារី មានហែលទឹក ៣០០ម៉ែត្រ+ប្រណាំងកង់ ៨គីឡូម៉ែត្រ+រត់ប្រណាំង ២គីឡូម៉ែត្រ។ ការប្រកួតនេះត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា៕