ភ្នំពេញ
ទីតាំងស្តុក ក្លាស្សេ ជង្គង់មាន់និងស្លាបមាន់ដែលនាំចូលពីប្រទេសថៃមកចែកចាយនៅទីផ្សារនានាក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាលខេត្ត ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនិងជំនាញក. ប. ប បានចុះឆែកឆេរ និងត្រួតពិនិត្យដោយរកឃើញជង្គង់មាន់ស្លាបមាន់រាបតោន។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាព្រឹកថ្ងៃទី ៥ ខែតុលាឆ្នាំ ២០២៥នៅចំណុច ក្រុមហ៊ុនអ៊ឹម សុផាន់ណារិទ្ធ អ៊ឹមផត អ៊ិចផត ឯក នៅចំណុចផ្ទះ១៣២ផ្លូវបេតុងក្នុងភូមិទី ៤សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ម្ចាស់ឃ្លាំងត្រូវបានគេស្គាល់ជារបស់លោកស្រី ឧកញ៉ាអ៊ឹម សុផាន់ណារិទ្ធហៅ"ចែទូចដែលមានប្តី មានឋានន្តរស័ក្តថ្នាក់ឧត្តមសេនីយ៍ទោជាស្នងការខេត្តមួយនៅជាយដែនថៃ។
តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលា ព្រឹកថ្ងៃទី០៥ខែតុលា សមត្ថកិច្ចចម្រុះរួមមានៈមន្ត្រីគយនិងរដ្ឋាករ ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស ,មន្ត្រី កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស,មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) មន្ត្រីអត្ថ នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ, មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចមូលដ្ឋានខណ្ឌឬស្សីកែវ
បានចុះឡោមព័ទ្ធ ឃ្លាំងរបស់ក្រុមហ៊ុនអ៊ឹម សុផាន់ណារិទ្ធ អ៊ឹមផត អ៊ិចផត ឯកខាងលើ ដែលបាននាំជង្គង់មាន់ស្លាបមាន់ពីប្រទេស ថៃមកស្តុបទុកនិងលក់ចែកចាយនៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាដែលគេសង្ស័យថាការនាំចូលគេចពន្ធនិងនាំចូលស្លាបមាន់ជង្គង់មាន់ខូចគុណភាព។ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចជំនាញក៏បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ នៃអគ្គនាយកដ្ឋាន ក.ប.បនិងយកសំណាក់ធ្វើតេស្តនៅហ្នឹងកន្លែងផងដែរ។
តាមព័ត៌មានអោយដឹងទៀតថា នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានរកឃើញជង្គង់មាន់ស្លាបមាន់,ជើងមាន់ ក្បាលទានិងគ្រឿងក្នុង ជ្រូក រាបតោន ដែលនាំចូលពីប្រទេសថៃតាមប្រទេសវៀតណាមនិងប្រទេសឡាវចូលមកស្តុក ទុកនិងចែកចាយនៅក្នុងទីផ្សារនានានៃព្រះរាជាណាចក្រកម្ពុជា។
ការចុះត្រួតពិនិត្យឃ្លាំងជង្គង់មាន់និងស្លាប់មាន់ខាងលើនេះត្រូវបានគេដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមពីការនាំចូលជង្គង់មាន់និងស្លាប់មាន់ពីប្រទេសថៃដែលគេសង្ស័យថាជង្គង់មាន់និងស្លាបមាន់ទាំងនោះខូចគុណភាព ដែលនាំមកចែកចាយនៅទីផ្សារនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាបង្កឲ្យប៉ះពាល់ដល់សុខភាពអ្នក បរិភោគ។ម្យ៉ាងទៀតការនាំចូលជង្គង់មាន់នេះ ជាកាគាំទ្រផលិតផលថៃខណៈពេលដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកំពុងតែធ្វើពលិកាដោយ មិនប្រើប្រាស់និងបរិភោគរាល់ ទំនិញ ដែលនាំចូលពីប្រទេសថៃ។បន្ទាប់ពីត្រួតពិនិត្យអស់ជាច្រើនម៉ោងនៅវេលាម៉ោងប្រមាណ ៤ រសៀលទៅចប់។
តាមកំណត់ហេតុមន្ត្រីគយ បានឲ្យដឹងថា ទំនិញដែលស្ថិតនៅក្នុងឃ្លាំងនេះ បានធ្វើការ បង់ពន្ធនាំចូលត្រឹមត្រូវ និងតាមលទ្ធផលវិភាគបណ្តោះអាសន្នរបស់មន្ត្រីអគ្គនាយកដ្ឋាន(កបប) បានអោយដឹងថាទំនិញទាំង នេះបានរក្សាទុកក្នុងសីតុណ្ហភាពត្រឹមត្រូវ និងពុំមានសារធាតុគីមី (FORMALIN) ដែលបណ្តាលអោយប៉ះពាល់សុខភាពទេ។មន្ត្រីជំនាញបានបន្តយកសំណាកគំរូចំនួន ១៥ មុខ ដើម្បីបន្តវិភាគរកម៉ែក្រូជីវសាស្ត្រក្នុងម្ហូបអាហារ និងសម្រេចធ្វើការបិទសៀល ឃ្លាំងផ្អាកដំណើការចែកចាយនិងលក់ដូរជាបណ្តោះអាសន្ន ដើម្បីរង់ចាំលទ្ធផលបញ្ជាក់ជាផ្លូវការពីមន្ទីរពិសោធន៍របស់អគ្គ នាយកដ្ឋាន(កបប) បន្ថែមទៀត៕
