មេដឹកនាំប្រទេសកូរ៉េខាងជើង គីម ជុងអ៊ុន រួមជាមួយសមមិត្តជាច្រើនរូបទៀត បានបង្ហាញវត្តមាននៅក្នុងពិធីដង្ហែរក្បួនព្យុហយាត្រាយោធាដ៏ធំមួយ ជាមួយនឹងការបង្អួតគ្រាប់កាំជ្រួចមីស៊ីលអន្តរទ្វីបថ្មីរបស់ខ្លួន នៅចំពោះមុខភ្ញៀវកិត្តិយសអន្តរជាតិ។ ក្បួនដង្ហែយោធាដ៏ធំសម្បើមនេះ ធ្វើឡើងដើម្បីប្រារព្ធខួបលើកទី 80 នៃការបង្កើតគណបក្សដែលកំពុងកាន់អំណាច ជាមួយនឹងវត្តមានចូលរួមរបស់លោកនាយករដ្ឋមន្ត្រីប្រទេសចិន លី ឆៀង អតីតប្រធានាធិបតីប្រទេសរុស្ស៊ី ឌីមីទ្រី ម៉េដវេដេវ ប្រធានបក្សកុម្មុយនិស្តវៀតណាម តូ ឡាំ រួមនឹងឥស្សរជនបរទេសជាច្រើនរូបទៀត។ គួរបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងជើង បានបង្ហាញគ្រាប់កាំជ្រួចមីស៊ីលអន្តរទ្វីប វ៉ាសុង 20 (Hwasong-20) កម្រិតខ្ពស់បំផុតរបស់ខ្លួន ដែលត្រូវបានពិពណ៌នាថាជា "ប្រព័ន្ធអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរខ្លាំងបំផុតរបស់ប្រទេសនេះ" ខណៈដែលកាំជ្រួចមីស៊ីលអន្តរទ្វីប វ៉ាសុង នេះ មានសមត្ថភាពកំណត់គោលដៅវាយប្រហារគ្រប់ទីកន្លែងក្នុងទឹកដីរបស់សហរដ្ឋអាមេរិក។