នៅថ្ងៃអង្គារ ទី28 ខែតុលានេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន និងប្រទេសចិន បានចុះហត្ថលេខាលើការធ្វើឲ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ពួកគេ។ ប្រទេសចិនកំពុងស្វែងរកការពង្រឹងការចូលរួមរបស់ខ្លួនជាមួយអាស៊ាន ជាតំបន់ដែលមានទំហំផលិតផលក្នុងស្រុកសរុបចំនួន 3.8 ពាន់ពាន់លានដុល្លារអាមេរិក ដើម្បីទប់ទល់នឹងអត្រាពន្ធនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់ដែលដាក់ដោយរដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ លើប្រទេសនានាជុំវិញពិភពលោក។ កំណែ 3.0 នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងចិន ត្រូវបានចុះហត្ថលេខា និងចូលជាធរមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី 47 ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងរបស់ពួកគេ បានចូលជាធរមានកាលពីឆ្នាំ 2010។ គួរបញ្ជាក់ផងដែរថា អាស៊ាន ដែលបច្ចុប្បន្នមានសមាជិកចំនួន 11 ប្រទេស គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសចិន ដោយទំហំពាណិជ្ជកម្មទ្វេភាគីសរុបមានចំនួន 771 ពាន់លានដុល្លារកាលពីឆ្នាំមុន។
