ភ្នំពេញ៖

បុរសម្នាក់ បានបើកបររថយន្តម៉ាកតូយ៉ូតា ១គ្រឿង បោះពួយជ្រុលទៅបុករះម៉ូតូចំនួន៥គ្រឿង ដែលកំពុងបន្ថយល្បឿនដើម្បីឈប់ ខណៈភ្លើងស្តុបពណ៌លឿង ជិតលោតពណ៌ក្រហម បណ្ដាលឲ្យរងការខូចខាត ប៉ុន្តែសំណាងល្អ អ្នកជិះម៉ូតូខាងលើ រងរបួសស្រាលប៉ុណ្ណោះ ។

ឧប្បត្តិហេតនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី ១ ខែ តុលា ឆ្នាំ២០២៥ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ កែងផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងខាងលើ គេ បានឃើញម៉ូតូជាច្រើនគ្រឿង បើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតតាមផ្លូវ៣០ម៉ែត្រ។ លុះពេលទៅដល់ត្រង់ចំណុចភ្លើងស្តុបសឺដែស កែងផ្លូវ៦០ម៉ែត្រ ភ្លើងស្តុបលោត ពណ៌លឿងជិតចូលពណ៌ក្រហម ហើយអ្នកជិះម៉ូតូបានបន្ថយល្បឿនដើម្បីឈប់ ។ 

ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តថា ពេលនោះ ក៏ស្រាប់តែមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បើកបររថយន្ត១គ្រឿងម៉ាកតូយ៉ូតា ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0192ទៅដល់បុករះម៉ូតូចំនួន៥គ្រឿងពីក្រោយទាំងកំរោលតែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅកាន់ទីនោះដើម្បីពិនិត្យមើលជាក់ស្ដែង និងឲ្យភាគីទាំងអស់ធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង ដោយខាងម្ចាស់រថយន្តចេញសងថ្លៃខូចខាតម៉ូតូ ៕