កណ្តាល៖
ជនសង្ស័យជាប្អូនប្រុសប្រើប្រាស់គ្រឿងញៀន ងើបពីដេកស្រែកជេរម្តាយឪពុក គ្រាន់តែបងស្រីស្តីបន្ទោស ស្រាប់តែទាញកាំបិតផ្គាក់ គម្រាមថានឹងសម្លាប់ទាំងអស់ ក៏ត្រូវបងស្រី ប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនអនុវត្តតាមច្បាប់ ដែលហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ០៨និង៣០នាទីថ្ងៃទី២៩ខែតុលាឆ្នាំ២០២៥នៅក្នុងផ្ទះបងស្រី(ជនរងគ្រោះ) ស្ថិតនៅក្នុងភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
ប្រភពសមត្ថកិច្ចមូលដ្ធាន បានអោយដឹងថា÷ស្ត្រីរងគ្រោះគឺជាបងស្រី ឈ្មោះផាត ស្រីតូច អាយុ ៤៣ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ ចំនែកជនសង្ស័យមានឈ្មោះ ផាត ដារ៉ា(ជាប្អូនប្រុស ពិការដៃម្ខាង ខាងឆ្វេង) អាយុ២៦ឆ្នាំជនជាតិខ្មែរ គ្មានមុខរបរពឹតប្រាកដ (វិជ្ជមានសារធាតុញៀន +) រស់នៅក្នុងភូមិសង្កាត់ ជាមួយគ្នា ។ ចំពោះវត្ថុតាងចាប់យក៖ កាំបិតផ្គាក់ដងដែកចំនួន ០១ ។
សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា÷នៅវេលាកើតហេតុ ប្អូនប្រុសជាជនសង្ស័យ បានដើរចេញពីបន្ទប់ដេកមក ស្រាប់តែរករឿងនិងស្រែកជេរឪពុកម្ដាយ។ ពេលនោះបងស្រី ក៏បាននិយាយប្រាប់ទៅកាន់ប្អូនថា÷ម៉េចឯងជេរឪពុកម្ដាយចឹង? ប្រយត្ន័បាប!! ភ្លាមនោះ ប្អូនប្រុស ដែលជាជនសង្ស័យ ក៏ស្ទុះរត់ទៅយកកាំបិតផ្គាក់ហើយស្រែកគំរាមកំហែងថា÷នឹងសម្លាប់ទាំងអស់គ្នា។
ដោយនិយាយណែនាំមិនស្ដាប់ បងស្រីដែលជាជនរងគ្រោះ ក៏បានមកដាក់ពាក្យប្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតាកូវ ដោយមានលោក រ៉ន រតន: ជាសាក្សី។
ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុនិងបាននាំខ្លួនជនសង្ស័យមកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានគំរាមកំហែងថានឹងសម្លាប់បងស្រី និងឪពុកម្តាយ ពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕
