កណ្តាល ៖ 

បុរសរងគ្រោះ បានបាត់ខ្លួនអស់រយ:ពេល០៣ថ្ងៃ ពេលស្រវឹងហើយ! មិនស្តាប់តាមការហាមឃាត់របស់ប្រពន្ធចាក់សោរផ្ទះមិនអោយចេញក្រៅ តែជនរងគ្រោះ ព្យាយាមចេញពីផ្ទះទាំងយប់ ដើរសសៀៗតាមមាត់ស្ទឹង ក៏រអិលជើងនិងច្រាំងបេតុង ធ្លាក់ចូលទឹក បាត់ខ្លួនអស់០៣ថ្ងៃ ទីបំផុត ត្រូវបានប្រទះឃើញជនរងគ្រោះ ក្លាយជាសពអណ្តែតទឹកកាលពីវេលាម៉ោង០៧និង០០នាទីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នៅចំណុច សន្តរស្ទឹង ( ប្រឡាយ៩៦) ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្ត កណ្តាល ។  

ប្រភពពីសមត្ថកិច្ច បានប្រាប់អោយដឹងថា÷បុរសរងគ្រោះមានឈ្មោះ ជុន បូណាត  អាយុ៤៦ឆ្នាំ មានទីលំនៅភូមិអាចម៌កុក សង្កាត់កំពង់សំណញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ជាងដែក។ យោងតាមការបំភ្លឺពីស្ត្រីឈ្មោះ  អ៊ុន ស្រីវ៉ាន់ អាយុ៤៥ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថាកាលពីយប់ថ្ងៃទី០៤ខែតុលាឆ្នាំ២០២៥ ប្តីរបស់គាត់(ជនរងគ្រោះ) បានពិសារគ្រឿងស្រវឹងនៅក្នុងផ្ទះដោយស្រវឹងខ្លាំងទៅហើយ  រហូតដល់ម៉ោង ២៣និង០០នាទី ប្តីរបស់គាត់បានសុំគាត់ទៅខាងក្រៅផ្ទះ តែប្រពន្ធបានហាមឃាត់ មិនអោយចេញដោយបានចាក់សោផ្ទះ រួចចូលសម្រាកបាត់ទៅ តែជនរងគ្រោះ បានព្យាយាមចេញតាមច្រកខាងក្រោយផ្ទះដើរសរសៀៗ តាមសន្តរស្ទឹង ក៏រអិលជើងធ្លាក់ចូលក្នុងទឹកស្ទឹងដែលមានជម្រៅជ្រៅ និងក៏ បានស្រែកអោយគេជួយដែរ ។

តែយប់ងងឹតហើយក៏គ្មានមធ្យោបាយអាចជួយបាន  ទឹកហូរគួចខ្លាំងក៏បាត់ខ្លួនជនរងគ្រោះ។ ក្រុមគ្រួសារក៏បានជូនដំណឹងតាមហ្គ្រុបតេឡេក្រាម { បងប្អូនមហាគ្រួសារតាខ្មៅ} ទាំងអាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ធ ក៏បានមកដល់ទីតាំងកើតហេតុដើម្បីជួយស្វែងរកតែរកមិនឃើញ ។  ទីបំផុត នៅវេលាម៉ោង០៧និង០០នាទីព្រឹកថ្ងៃទី០៦ខែតុលាឆ្នាំ២០២៥ ក៏មានបងប្អូនប្រទះឃើញសពបុសម្នាក់អណ្តែតក្នុងទឹកជាប់មងអ្នកនេសាទត្រី ក៏ផ្តល់ដំណឹងជាថ្មីម្តងទៀត ចូលក្នុងហ្គ្រុប {បងប្អូនមហាគ្រួសារតាខ្មៅ} ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធ សមត្ថកិច្ចអាជ្ញារធរ និងក្រុមគ្រួសារជនរងគ្រោះ បានមកពិនិត្យមើល គឺពឹតជា បុរសរងគ្រោះដែលបាត់ខ្លួន០៣ថ្ងៃនោះប្រាកដមែន និងក៏បានជួយស្រង់យកសព ឡើងមកលើគោក ។   

ក្រោយសមត្ថកិច្ចជំនាញនៃអធិការដ្ធាននគរបាលក្រុងតាខ្មៅ ពិនិត្យកោសលវិច្ច័យ ចប់សព្វគ្រប់ និង យោងលោកគ្រូពេទ្យផង  គឺជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ។ សព បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕