ភ្នំពេញ៖ 

បុរសម្នាក់ផឹកស៊ីជាមួយសង្សារនិងមិត្តភក្តិ ស្រាប់តែបាត់ខ្សែក បែរជាមករករឿងវាយអ្នករត់កង់បីទៅវិញ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៥ នៅម្តុំហាងផឹកស៊ីមួយកន្លែង ស្ថិតក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ 

តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថាមុននឹងឈានដល់ការប្រើហិង្សាដាក់គ្នាទៅវិញទៅមកនោះ គឺដំបូងឡើយ មានបុរស២នាក់ និងនារីម្នាក់ ដែលទើបស្គាល់គ្នាបាន២ទៅ៣ថ្ងៃ ដោយបុរសម្នាក់និងនារីម្នាក់ត្រូវជាសង្សារនិងគ្នា  ហើយក៏បានណាត់គ្នាមកផឹកស៊ី នៅហាងមួយកន្លែង ម្តុំជួរមាត់ទន្លេកោះពេជ្រ។ 

ខណៈផឹកស្រវឹងរៀងៗខ្លួន ស្រាប់តែនារីជាសង្សារ បានដោះខ្សែកបុរសម្នាក់ជាសង្សារយកទៅពាក់  ហើយពេលនោះ មិនដឹងថាមានទំនាស់ពាក្យសម្ដីនិងគ្នារឿងអ្វីនោះទេ ក៍ស្រាប់តែនារីជាសង្សារខឹង  ក៍បានបុកឃីង ហៅម៉ូតូកង់បីមកជិះ បំរុងចេញទៅ តែពេលនោះបុរសជាសង្សារ បានតាមមកឃាត់ទាមទារយកខ្សែកវិញ ហើយ ហាមបុរសជាអ្នកបើកកង់បី កុំអោយជិះចេញ។ ដោយសង្ស័យថាបុរសជាអ្នកបើកកង់បីជាបក្សពួកជានារីជាសង្សារ បំរុងធ្វើស៊ីគាត់ ក៏កើតជាជម្លោះពាក្យសម្ដីជាមួយនិងបុរសអ្នកបើកកង់បី ចេញជាហិង្សាតែម្តងទៅ  ។ 

ករណីនេះផងដែរ ភាគីខាងកង់បី បានចោទថា បុរសដែលផឹកស៊ីបាត់ខ្សែក បានវាយគាត់មុន  តែបុរសជាអ្នកបាត់ខ្សែក ថាមិនបានវាយនោះទេ ។ 

បន្តិចក្រោយមក ក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ និងបានហៅ បុរសទាំង២នាក់ ទៅសួរនាំនិងដោះស្រាយនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់  ចំនែកនារីដែរលជាសង្សារមិនបានទៅប៉ុស្តិ៍នោះទេ គឺបានគេចចេញទៅបាត់  ៕