ព្រឹត្តិការណ៍អូឡាំពិកកុមារ បង្កើតឡើងក្នុងគោលដៅបំផុសចលនាកីឡាអូឡាំពិកដល់កុមារ

Sports • October 02, 2025
ព្រឹត្តិការណ៍អូឡាំពិកកុមារ បង្កើតឡើងក្នុងគោលដៅបំផុសចលនាកីឡាអូឡាំពិកដល់កុមារ

កម្ពុជាបានប្រកាសរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកជាលើកដំបូងនៅថ្ងៃទី១ ខែ កុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើបអ៊ីអន៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ព្រឹត្តិការណ៍កីឡាអូឡាំពិកកុមារដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំកកម្ពុជានេះ ក្នុងគោលដៅគោរពនូវគោលការណ៍ចលនាអូឡាំពិកអន្តរជាតិដែលកំពុងជំរុញឱ្យអូឡាំពិកប្រទេសនីមួយៗធ្វើការផ្សព្វផ្សាយនិងជំរុញអំពីឧត្តមគតិ និងគុណតម្លៃអូឡាំពិកដល់កុមារ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍លើកឡើងថា ព្រឹត្តិការណ៍អូឡាំពិកកុមារ ដែលកម្ពុជាយើងបង្កើតឡើងជាលើកដំបូងនេះ មានគោលដៅបញ្ជ្រាបបំផុសចលនាកីឡាអូឡាំពិកដល់កុមារ ដែលជាផ្នែកមួយជួយជំរុញឱ្យកុមារមានវិន័យ ចេះបង្កើតមិត្តភាព មានទំនាក់ទំនងល្អ និងមានភាពក្លាហាន។ កុមារក៏នឹងមានឆន្ទៈ ចេះប្រឹងប្រែងដោយខ្លួនឯង សម្រេចចិត្តខ្លួនឯង។មានន័យថា កុមារយល់ដឹងពីគុណតម្លៃទាំងអស់នេះ កុមារមានគុណតម្លៃចេះគោរពនៅក្នុងសង្គមបានល្អ។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ព្រឹត្តិការណ៍កីឡាអូឡាំពិកកុមារនេះ គឺជាផ្នែកមួយដែលនិងចូលរួមបណ្តុះផ្នត់គំនិតសម្រាប់កុមារពីក្មេងទៅ ដែលជាគោលដៅចម្បងរបស់ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការជំរុញឱ្យចលនាកីឡាអូឡាំពិកកុមារក្លាយជាសារសំខាន់សម្រាប់ជាតិចាប់ពីឆ្នាំ២០២៦ខាងមុខនេះតទៅ។ ហើយយុទ្ធនាការមួយនេះគឺជាការបញ្ជា្របគុណតម្លៃអូឡាំពិកពីកុមារភាពទៅ ពោលកុមារដែលឈ្នះពាននិងជំរុញឆន្ទៈឱ្យពួកគាត់មានមហិច្ឆិតាឈានទៅដល់ការឈ្នះមេដាយអូឡាំពិកនៅពេលអនាគត។







x Enlarged Image