រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានបញ្ជាក់ថា យោធាសហរដ្ឋអាមេរិក បានបើកការវាយប្រហារកម្ទេចនាវាចំនួន 2 គ្រឿង ដែលសង្ស័យថាដឹកជញ្ជូនគ្រឿងញៀននៅមហាសមុទ្រប៉ាស៊ីហ្វិក ដោយសម្លាប់មនុស្សចំនួន 5 នាក់ កាលពីថ្ងៃពុធ ទី22 ខែតុលា។ នេះ គឺជាប្រតិបត្តិការយោធាលើកដំបូងរបស់សហរដ្ឋអាមេរិកនៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជារឲ្យបើកការវាយប្រហារប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់។ ការវាយប្រហារនេះ ធ្វើឡើង បន្ទាប់ពីការវាយប្រហារយ៉ាងហោចណាស់លើនាវា 7 គ្រឿងផ្សេងទៀតនៅសមុទ្រការ៉ាប៊ីន ដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងបង្កើនភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសវេណេស៊ូអេឡា និងកូឡុំប៊ីនោះ។