ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាមានប្រសាសន៍ថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៥ត្រូវបានធ្វើឡើងដើម្បីរួមចំណែក និងលើកស្ទួយវិស័យពិការភាព ជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិក ។

នេះជាការលើកឡើងក្នុងឱកាសការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៥ នៅខេត្តបាត់ដំបង ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង។

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជា ឯកឧត្តម សែម សុខា បានគូសបញ្ជាក់ទៀតថា ជានិច្ចកាល គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាតែងតែយកចិត្តទុកដាក់ពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាលមន្រ្តីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងហ្វឹកហាត់ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញាបានចូលរួមក្នុងសកម្មភាពសង្គមតាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់។        ឯកឧត្តមអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានបន្ថែមថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់អាទិភាពការងារពិការភាពក្នុងកម្មវិធីការងាររបស់ក្រសួង ដោយបានកសាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ សំដៅពង្រឹងពង្រីកការគោរពសិទ្ធិជាមូលដ្ឋានរបស់ជនមានពិការភាព អតីតយុទ្ធជន អតីតមន្រ្តីរាជការមានពិការភាព បានទទួលរបបឧបត្ថម្ភពីរដ្ឋ។ ជនមានពិការភាពគ្រប់ប្រភេទបានទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ សេវាអក្សរស្ទាប និងភាសាសញ្ញាសម្រាប់ជនមានពិការភាពត្រូវបានបង្កើត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ជនមានពិការភាព កម្មវិធីអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាបន្ន បានជួយលើកកម្ពស់សិទ្ធិ និងជីវភាពរបស់ជនមានពិការភាព។

សូមបញ្ជាក់ថា ការប្រកួតកីឡាស៉្បេស្យាល់អូឡាំពិកថា្នក់ខេត្តធ្វើឡើងចាប់ពីថ្ងៃទី ២៩ ដល់៣០ ខែ កញ្ញា នៅក្រុងបាត់ដំបង  ដោយគណៈកម្មការជំនាញបានដាក់៣ប្រភេទកីឡា រួមមាន កីឡាអត្តពលកម្ម (វិញ្ញាសា ៥០ និង ១០០ ម៉ែត្រ បុរស-នារី)  កីឡាបាល់ទាត់យូនីហ្វាយ (បុរស ៥នាក់ម្ខាង) និងកីឡាប៊ូលយូនីហ្វាយ (២នាក់ទល់២នាក់ និង ៣នាក់ទល់៣នាក់) ៕