បាត់ដំបង៖ 

កម្លាំងជំនាញផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងជួរមុខវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧  កម្លាំងវរសេនាតូចថ្មើរជើងលេខ៥៣៣ និងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន បានធ្វើការបង្ក្រាបករណីនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឲឆ្លងដែន (បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជាចូលប្រទេសថៃ)។

កិច្ចប្រតិបត្តិការខាងនេះធ្វើឡើងនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងក្រុមទី០១ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០៣នាក់ 

/១-ឈ្មោះ រឿម រិទ្ធ ហៅ ទូច ភេទប្រុស អាយុ ៤២ឆ្នាំ /២-ឈ្មោះ អោ សំអុន ហៅ អូន ភេទប្រុស អាយុ២៧ឆ្នាំ /៣-ឈ្មោះ ចែម ហួរ ភេទប្រុស អាយុ ៣៧ឆ្នាំ ទាំងបីនាក់ជាមេខ្យល់ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង  ខណៈប័ក្សពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យដែលជាមេខ្យល់ខាងលើ បានធ្វើសកម្មភាពទាក់ទងនាំពលករចំនួន ០៣នាក់ ឪពុក ម្តាយ និងកូន បម្រុងឆ្លងដែនពីប្រទេសកម្ពុជាចូលទៅក្នុងប្រទេសថៃ ឆ្លងអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្តភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយយកប្រាក់ថ្លៃជូនក្នុងម្នាក់ចំនួន ៣៥០០បាត (បីពាន់ប្រាំរយបាត)  ។

បច្ចុប្បន្ន ទាំងជនសង្ស័យនិងពលករ រួមជាមួយមធ្យោបាយម៉ូតូកង់បី០១គ្រឿងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីបន្តនីតីវិធីផ្លូវច្បាប់៕