ភ្នំពេញ ៖
ស្រ្តីម្នាក់ បានចោទប្រកាន់ថាបាត់កាបូបនៅក្នុងសាលាសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយ ស្រែកឡូឡាដាក់មន្រ្តីសាលាសង្កាត់ខាងលើទាមទារឲ្យឆែកកាំរ៉ាមើល ព្រមទាំងថតឡាយវីដេអូ បង្កឲ្យមានការភ្ញាក់ផ្អើលពេញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ហើយ ធ្វើឲ្យមហាជនយល់ច្រឡំ និងគិតអវិជ្ជមានលើអាជ្ញាធរទៀតផង ។ លុះក្រោយមក បុរសជាឪពុកបង្កើតដែលជាអតីតយុទ្ធជនម្នាក់ដែរបានចេញមុខសុំទោសជាសាធារណៈនិងអះអាងថានាងមានជំងឺបាត់ទឹកចិត្តព្រោះបែកបាក់ប្ដី១ហើយ១ទៀត២នាក់ ។
សមត្ថកិច្ច បានប្រាប់ថា ស្រ្តីខាងលើនោះឈ្មោះ នូ សុខា អាយុ៤៣ឆ្នាំ មុខរបរលក់បង្អែម សព្វថ្ងៃស្នាក់នៅផ្ទះលេខ ២២ហ្សិត ផ្លូវលេខ៥១ ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។ នៅមុនពេលកើតហេតុ នាងបានចូលទៅសួរមន្រ្តីសាលាសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ថា«ត្រូវការទិញបង្អែមហូបអត់? ពេលនោះមន្រ្តីសាលាសង្កាត់ប្រាប់ថាអត់មានអ្នកហូបទេមីង» ។ ខណៈនោះ ស្រាប់តែក្រោយមក ស្រ្តីខាងលើស្រែកឡាំប៉ាថា បាត់កាបូបលុយនៅសាលាសង្កាត់ ហើយ ទាមទារអោយឆែកកាំរ៉ានិងយកទូរស័ព្ទថតលោកចៅសង្កាត់ និងមន្រ្តីសង្កាត់ទាំងអស់ ឡាយចោទប្រកាន់ថា អាជ្ញាធរមិនទទួលខុសត្រូវ ពេលនោះបើទោះបីជាអាជ្ញាធរពន្យល់យ៉ាងណាក៏មិនព្រមឈប់ឡាយដែរ ។
ប្រភពដដែល បានប្រាប់បន្តទៀតថា លុះប៉ុន្មានម៉ោងក្រោយមក គឺនៅវេលាយប់ថ្ងៃកើតហេតុដដែលនោះ មានបុរសចំណាស់ម្នាក់ឈ្មោះគង់ បូរ៉ា អាយុ៦៧ឆ្នាំ ជាអតីតយុទ្ធជន ត្រូវជាឪពុកបង្កើតស្រ្តីរូបនោះ បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ ដើម្បីធ្វើការបំភ្លឺនិងសុំទោសអាជ្ញាធរ និងសមត្ថកិច្ចព្រមទាំងសាធារណៈជនជំនួសកូនស្រីរបស់គាត់ខាងលើ ។ បុរសនោះបានអះអាងថា កូនស្រីគាត់ម្នាក់នេះមានជំងឺបាក់ទឹកចិត្ត ឬប្រព័ន្ធប្រសាទមិនល្អច្រើនឆ្នាំមកហើយ ដោយសារតែការបែកបាក់គ្នាជាមួយប្ដី២នាក់ ជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះសព្វថ្ងៃសូម្បីតែជាមួយគាត់ដែលជាឪពុកម្ដាយ ក៏កូនស្រីរូបនេះតែងតែស្រែកឡូឡារករឿងផងដែរ ។
បុរសជាឪពុករូបនោះ ក៏ទទូចសុំកុំឲ្យមហាជនយល់ច្រឡំលើអាជ្ញាធរនិងសមត្ថកិច្ចសង្កាត់បឹងកេងកង១ អី, អាជ្ញាធរ មិនមានកំហុសហើយមិនបានប្រព្រឹត្តទង្វើអាក្រក់នោះទេ រឿងដែលកើតឡើងគឺមកពីកូនស្រីគាត់ទាំងអស់ ។ កន្លងមក ព្រោះតែកូនស្រីរូបនេះ គាត់ដែលជាឪពុកបានចេញមុខដើរសុំទោសគេ៣លើក ទាំងលើកនេះហើយ ក្នុងនោះលើកទី១,នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន ខណៈកូនគាត់ទាស់គ្នាជាមួយប្រជាការពារ ពេលចុះរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវ ។
លើកទី២, កូនស្រីគាត់ជិះម៉ូតូបញ្រ្ចាសទិសដៅចរាចរ ហើយត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅអនុវត្តច្បាប់ចរាចរណ៍កូនស្រីគាត់បានថតឡាយវីដេអូក្នុងហ្វេសប៊ុកធ្វើឲ្យប៉ះពសលដល់សមត្ថកិច្ច និងលើកទី៣,គឺនៅសង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកងនាពេលនេះ ៕