កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាកិតិយស ក្នុងពិធីបិទការរៀបចំសិក្ខាសាលាលើកកម្ពស់សមត្ថភាពស្ត្រីក្នុងវិស័យកីឡាស្តីពី “មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន” ដែលមានរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានអប់រំកាយ និងកីឡា រៀបចំដោយ នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន នៃក្រសួងអប់រំ យុវជន និងកីឡា ។
ក្នុងឱកាសបិទនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ហ៊ូ សិទ្ធសោភាល័យ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧត្តមសិក្សា និងជាជនបង្គោលនៃគម្រោងលើកកម្ពស់សមត្ថភាពស្រ្តី ក្នុងវិស័យកីឡានៅកម្ពុជា លោក វ៉ា វណ្ណៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងអ្នកតំណាងវិទ្យាស្ថានអប់រំកាយ និងកីឡា ។
លោកស្រី ហ៊ូ សិទ្ធសោភាល័យ បានប្រាប់ឲ្យដឹងថា កិច្ចដំណើរការសិក្ខាសាលាបានដំណើរការដោយបែងចែកសិក្ខាកាមជា២កម្រិតផ្សេងគ្នាតាមរយៈការធ្វើតេស្តកម្រិតសមត្ថភាពនៅថ្ងៃដំបូង ជាលទ្ធផលគឺ មានសិក្ខាកាមចំនួន១៩នាក់ស្ថិតក្នុងកម្រិតទី១ ដែលជាកម្រិតដំបូង និងសិក្ខាកាមចំនួន២១នាក់ ស្ថិតក្នុងកម្រិតទី២។ ខ្លឹមសារនៃមេរៀនរយៈពេល៣ថ្ងៃដំបូង និងព្រឹកថ្ងៃទី៤គឺផ្តោតលើការរៀនទ្រឹស្តី និងអនុវត្តដោយផ្ទាល់អំពីការប្រើប្រាស់កម្មវិធី Microsoft Office Word, Microsoft Excel, Microsoft Power Point ក្នុងនោះគឺបានលម្អិតពីរបៀបនៃការប្រើប្រាស់កុំព្យូទ័រឱ្យបានត្រឹមត្រូវតាមលំដាប់លំដោយ ការរក្សាទុកឯកសារ ការចាក់សោរឯកសារ ការប្រើប្រាស់នូវមុខងារសំខាន់ៗ ច្រើនទៀតផងដែរ ដែលមានអត្ថប្រយោជន៍ដល់សិក្ខាកាមក្នុងការបំពេញការងាររបស់ពួកគាត់តាមអង្គភាព។
ឯកឧត្តម កែ ប៊ុនខៀង បានមានប្រសាសន៍ថា ឯកឧត្តម បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តែងតែចូលរួមជំរុញផែនការសកម្មភាពយែនឌ័រ នៅគ្រប់អនុវិស័យ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសលើវិស័យអប់រំកាយ និងកីឡា។ លើសពីនេះដើម្បីស្របតាមគោលដៅអភិវឌ្ឍចីរភាព (Sustainable Development Goals) ទាំង១៧ របស់អង្គការសហប្រជាជាតិ ក្នុងគោលដៅទី៥ ក៏បានបង្ហាញអំពីការលើកកម្ពស់យែនឌ័រដោយផ្ដល់អំណាច និងភាពស្មើគ្នាទៅស្រ្តីគ្រប់រូប។ ហេតុនេះហើយបើទោះបីជាបានជួបប្រទះនូវភាពលំបាកខ្លះក៏ដោយ លោកស្នើសុំអង្គភាពជំនាញបន្តបើកវគ្គបណ្តុះបណ្តាលផ្សេងទៀត ទាំងផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងជំនាញបច្ចេកទេស ដើម្បីធានាបាននូវសមភាពយែនឌ័រ និងត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ នៃការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ នាពេលខាងមុខ។
