ផ្ទុះការជជែកវែកញែកសារជាថ្មីពីបណ្តាអ្នកគាំទ្រវិស័យបវរកញ្ញា បន្ទាប់ពី លោក ឈួង យីវឆូយ អ្នកគ្រប់គ្រងការប្រកួតថ្នាក់ជាតិ កម្មវិធី កញ្ញាឯកចក្កវាឡកម្ពុជា បានបង្ហោះសារខ្លីមួយតែខ្លឹម នៅលើគណនេយ្យរបស់ខ្លួន ដោយនិយាយថា «គុណធម៌ និងភាពស្មោះត្រង់»។ ការបង្ហោះសារមួយនេះហើយ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គម និងបវរកញ្ញានៅក្នុងប្រទេសកម្ពុជាច្រើនបាននាំគ្នាចែករំលែក ជាមួយការបញ្ចេញមតិរៀងៗខ្លួន រួមទាំងចម្ងល់មួយចំនួននៃការបង្ហោះរបស់លោក ឆូយ ផងដែរ។
ជាមួយគ្នានេះ គេក៏សង្កេតឃើញផងដែរ ទៅលើម្ចាស់មកុដ កញ្ញាឯកចក្កវាឡកម្ពុជា ២០២៥ គឺ អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ក៏បានធ្វើការចែករំលែកការបង្ហោះរបស់លោក ឆូយ ដោយភ្ជាប់ជាមួយសំណេរដ៏គួរឱ្យចាប់អារម្មណ៍មួយយ៉ាងដូច្នេះថា «ខ្ញុំបានបងជា ND ខ្ញុំសំណាងណាស់.. ចង់ផ្ដាំ fan club ខ្ញុំថា បើតំណែង ND ត្រូវចេញពី B Chhoy ដោយអ្វីមួយ Queen របស់អ្នកម្នាក់នេះ ក៏ចេញដូចគ្នា..ហើយបើគេមិនឈប់ចង់បំផ្លាញដំណើររបស់ពួកខ្ញុំ បើបែបនេះមែន បំណងនៃការតំណាងប្រទេស ក៏លែងមានដែរ»។
យ៉ាងណាមិញ ក្រោយពេល ហ្វីយ៉ាតា បានបង្ហោះសារបែបនេះរួចមក បានធ្វើឱ្យអ្នកគាំទ្រកើតមន្ទិលសង្ស័យ ហាក់មានអ្វីមិនចុះសម្រុង ឬមានភាពចម្រូសចម្រាសអ្វីមួយនៅពីក្រោយស្ថាប័នមួយនេះ។
គួរឱ្យដឹងថា លោក ឈួង យីវឆូយ បានដឹកនាំការប្រកួត កញ្ញាឯកចក្កវាឡកម្ពុជា បានពីររដូវកាលហើយ គឺនៅឆ្នាំ ២០២៤ និង ២០២៥។ ក្នុងនោះ នៅឆ្នាំ ២០២៤ អ្នកនាង ប្រាសាទ ដាវីន បានតំណាងឱ្យកម្ពុជាប្រកួតនៅក្នុងកម្មវិធី Miss Universe លើកទី៧៣ នៅប្រទេសម៉ិកស៊ិក ចំណែកឯ ឆ្នាំ ២០២៥ អ្នកនាង ហ្វីយ៉ាតា នឹងត្រូវតំណាងឱ្យកម្ពុជា ទៅប្រកួត Miss Universe លើកទី៧៤ នៅប្រទេសថៃ បើតាមការគ្រោងទុក៕
