ភ្នំពេញ៖

អគ្គិភ័យមួយ បានឆាបឆេះឃ្លាំងស្តុកនិងលក់ម៉ូតូជប៉ុនផ្អើលពលរដ្ឋនិងសមត្ថកិច្ចជំនាញ ចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ពន្លត់  ។ 

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២និង២០នាទីរំលងអាធ្រាត្រចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅចំនុចឃ្លាំងស្តុកនិងលក់ម៉ូតូជប៉ុនមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវ ៣២៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ  ។ 

តាមប្រភពព័ត៌មានពីកន្លែងពីកន្លែងកើត បានឲ្យដឹងថាទីតាំងខាងលើ គឺជាឃ្លាំងស្តុកនិងលក់ម៉ូតូជប៉ុនចម្រុះ។ លុះដល់ម៉ោងកើតហេតុ មិនដឹងថាមានរឿងអ្វីនោះទេ ក៏ស្រាប់តែមានអណ្ដាតភ្លើងឆេះសន្ធោសន្ធៅនៅខាងក្នុងឃ្លាំងតែម្តង  ដែលធ្វើឲ្យបុគ្គលិកស្នាក់នៅខាងក្នុង ភ័យស្លន់ស្លោ បានត្រឹមតែនាំគ្នារត់ចេញមកក្រៅ ស្រេកឆោឡោ ទាញយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើនបំពុង តែមិនអាចគ្រប់គ្រងស្ថានការណ៍បាន។ ទើបនាំគ្នារាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យមកពីបណ្តាអង្គភាពផ្សេងៗ ចេញអន្តរាគមន៍ជួយបាញ់ពន្លត់ផងដែរ  ។ 

ហេតុការណ៍នេះ អាជ្ញាធរមិនទាន់អាចបញ្ជាក់ពីទំហំនៃការខូចខាតនៅឡើយទេ ខណៈកម្លាំងជំនាញកំពុងតែធ្វើបាញ់ពន្លត់អោយចប់ជាស្ថាពរ៕