កណ្តាល៖
ឃាត់ខ្លួនជនសង្ស័យបានម្នាក់ (បក្ខពួក០២នាក់) ខណ:ម្នាក់ធ្វើជាចូលសួររក ទិញឥវ៉ាន់ផ្នែកចំហៀងខាងត្បូងផ្ទះ ឯជនសង្ស័យម្នាក់ទៀត ឆ្លៀតចូលលួចកាបូបរបស់ ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះផ្នែកខាងជើង ហើយ ជិះម៉ូតូរត់គេចបានបន្តិច ក៏ត្រូវប្តីស្ត្រីរងគ្រោះ បើករថយន្តឃើញទាន់ ក៏ឃាំងរថយន្តបិទផ្លូវ ធ្វើអោយម៉ូតូជនសង្ស័យដួល ចាប់ឃាត់ខ្លួន ជាមួយម៉ូតូ០១គ្រឿង។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង ១៨និង២៥ នាទីព្រលប់ថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៥ នៅផ្ទះលក់ចាប់ហួយ ផ្លូវបេតុងស្ថឹតក្នុង ភូមិព្រែកសំរោង(១) សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា÷ ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះ ជុំ ចាន់ថនអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរចាប់ ហួយ ក្នុងភូមិសង្កាត់កើតហេតុ។ ចំនែកជនសង្ស័យមានគ្នីគ្នាចំនួន០២នាក់៖
០១ - ឈ្មោះ ចាន់ថា ច័ន្ទ ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិត្រពាំងចក ឃុំត្រពាំងចក ស្រុកគោកកណ្តុរ ខេត្តតាកែវ វិជ្ជមានសារធាតុញៀន (+) (ឃាត់ខ្លួន), ០២- ឈ្មោះ ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅមិនស្គាល់អាស័យដ្ឋាន (គេចខ្លួន)។
ចំពោះវត្ថុតាងចាប់យក៖ ទូរស័ព្ទដៃម៉ាក Oppo ពណ៍ខ្មៅចំនួនមួយគ្រឿង, ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1KQ-3942 ចំនួន០១គ្រឿង(របស់ជនសង្ស័យ), កាបូបស្ពាយពណ៍ឈាមជ្រូកចំនួន០១ (របស់ជនរងគ្រោះ)។
លោកអធិការបញ្ជាក់បន្ថែមថា÷នៅវេលាកើតហេតុ មានជនសង្ស័យ០២នាក់ ដោយ ម្នាក់បា នជិះម៉ូតូមកឈប់មុខផ្ទះស្ត្រីរងគ្រោះ ផ្នែកចំហៀងខាងត្បូង ដើរចូលក្នុងផ្ទះធ្វើជា សួររកទិញឥវ៉ាន់។ ចន្លោះពេលស្ត្រីរងគ្រោះដើរពីខាងជើងមកដើម្បីសួរជនសង្ស័យរកទិញ ឥវ៉ាន់ ក៏មានជនសង្ស័យទីពីរ បានឈប់ម៉ូតូនៅមុខផ្ទះជនរងគ្រោះផ្នែកខាងជើង រួចដើរចូល ទៅលួចយកកាបូបស្ពាយ ពណ៍ឈាមជ្រូកដែលក្នុងកាបូបនោះ មានប្រាក់ដុល្លារ និង ប្រាក់ខ្មែរមួយចំនួន ក៏ត្រូវស្ត្រីរងគ្រោះឃើញទាន់ស្រែកថាចោរៗ !! ធ្វើអោយជនសង្ស័យ ភ័យរត់ឡើងជិះម៉ូតូជិះបានប្រហែល១០ម៉ែត្រ។ គាប់ជួនប្តីរបស់ស្ត្រីរងគ្រោះបានបើករថយន្តតាមផ្លូវជិះដល់ផ្ទះឃើញ ក៏បានបើករថយន្តបាំងពីមុខម៉ូតូរបស់ជនសង្ស័យធ្វើអោយជនសង្ស័យដួលម៉ូតូ និងក៏ត្រូវបានប្រជាពលរដ្ឋជួយឃាត់បានជនសង្ស័យម្នាក់ភ្លាមៗ រួចក៏រាយការណ៍មកប៉ុស្តិ៍នគរបាលតាខ្មៅ នាំខ្លួនយកមកសួរនាំនិងកសាងសំណុំរឿង បញ្ចូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តនីតិវិធី។ ចំនែកជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួន ពិតជាបានចូលលួច កាបូប ស្ពាយដាក់លុយដើម្បីយកទៅចាយវាយនិងទិញសារធាតុញៀនប្រើប្រាស់ប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕
